ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូឡាំពិក បើកមហាសន្និបាត បូកសរុបការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០

70

 

ភ្នំពេញ៖ គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី២​៩កុម្ភៈនេះ បានបើកធ្វើម​ហា​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារមួយឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះ ​។​
មហាសន្និបាត បានប្រព្រឹត្តទៅក្រោមវត្ថមានរបស់លោក​បណ្ឌិតថោង ខុន​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ និងតំណាងសហព័ន្ធកីឡាជាតិទាំងក្នុងអូឡាំពិកនិងមិនអូឡាំពិក ។
មហាសន្និបាតនេះក៏មានការចូលរួមពីគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិ ការស្ប៉េស្យាល់អូឡាំពិកកម្ពុជា ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ អង្គភាពកីឡាក្រសួង មហាផ្ទៃ ។
ថ្លែងបើកមហាសន្និបាត លោក​បណ្ឌិតថោង ខុន បានបញ្ជាក់ថា ឆ្នាំ២០១៩ជាឆ្នាំនៃរបត់កំណែទម្រង់នៃរបបគ្រប់គ្រងវិស័យកីឡាជាតិ និងសហព័ន្ធកីឡាជាតិ ។ អ្វីដែលដែលត្រូវជម្នះបាននូវឧប​សគ្គទាំងឡាយ ដែលរាំងស្ទះដំណើរ ការវិវត្តន៍នៃវិស័យកីឡា គឺមានតែការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងតាមគោលនយោបាយជាតិ ស្តីពីវិស័យអប់រំកាយនិងកី​ឡា ពិសេសអនុវត្តអោយបានតាមផែនការ មេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ ឆ្នាំ ២០២៣ ទើបបេសកកម្មរបស់យើង ឆ្ពោះទៅរកភាពជោគជ័យបាន ។លោកបានបញ្ជាក់ថា ក្នុងការត្រៀមសម្រាប់ឆ្នាំ២០២៣ នេះ យើងក៏ត្រូវតាមដាននិងពិនិត្យមើលលើបញ្ហាខូវីត១៩ តើវាអាចប៉ះពាល់ដល់ការត្រៀមបម្រុងចំពោះដំណើរការត្រៀមរៀបចំ របស់យើងកម្រិតណាដែរ។
លោកប្រធានអូឡាំពិកបន្តថា យើងទាំងអស់គ្នាជាមហាគ្រួសារកីឡាជាតិ ជាអង្គការកីឡាជាតិ ស្ថាប័នកី ឡាជាតិ ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវលើជោគវាសនាកីឡាជាតិទៅថ្ងៃអនាគតពិសេសលើការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២ ៣ ។ អ្វីៗជាសមិទ្ធផលនេះ គឺជាសច្ចៈភាពប្រវត្តិ សាស្ត្រដែលយើងបានខិតខំប្រឹងប្រែងធ្វើដោយឆន្ទះមោះមុតនិងមានមោទនភាពបំផុត ប៉ុន្តែយើងក៏ត្រូវស្វែងយល់ឱ្យស៊ីជម្រៅលើបញ្ហាប្រឈម ចំនុចខ្វះខាត និងឧបសគ្គនានា ដែលរាំងស្ទះដំណើរការកសាងគុណភាព សមត្ថភាពនិងឧត្តមភាពកីឡាជាតិឆ្ពោះទៅជោគជ័យរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
ចាប់ពីពេលនេះតទៅ ត្រូវរួមគ្នាហ៊ាននិយាយការពិតនិងបកស្រាយអាថ៌កំបាំងនានាអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៥ របស់សម្ដេចតេ ជោនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលគឺងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាលនិងវះកាត់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកីឡា។មហាសន្និបាតយើងពេលនេះ ត្រូវឆ្លុះបញ្ចាំងឱ្យឃើញនូវឧបសគ្គពិនិត្យរោគជាច្រើននៅរាល់ទម្រង់នៃមេរោគជំងឺរ៉ាំរ៉ៃ ដើម្បីត្រៀមដាក់ថ្នាំព្យាបាលនិងវះកាត់។ពិសេសយកចិត្តទុកដាក់ពង្រឹងសហព័ន្ធកីឡាជាតិ មន្ត្រីកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាអាទិភាពដើម្បីជំរុញប្រសិទ្ធភាពកីឡាផង និងជាក្តីសង្ឃឹមជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ផង។
លោកថោង ខុន បញ្ជាក់ថា អ្វីៗទាំងអស់នេះអាចទទួលបានការរីកចម្រើនគឺពិតជាបានមកពីការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិ បាលក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាជាតិនិងបានការយកចិត្តទុកដាក់ក្នុងការជំរុញវិស័យកីឡាជាតិបានសហការយ៉ាងកក់ក្តៅនិងជិតស្និទ្ធ ស្មារតីកីឡាជាតិតែមួយ ជាមួយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឲ្យកីឡាកម្ពុជាកាន់តែរឹងមាំនិងមានមោទនភាពជាតិយ៉ាងខ្លាំងតាមរយៈព្រឹត្តិការណ៍កីឡាជាតិ ការប្រកួតកីឡាអាស៊ីជាដើម។ជាទូទៅគ្រប់ចលនាកីឡាមានភាពផុលផុសនិងមានការខិតខំប្រឹងប្រែងទាំងអស់គ្នាមានសាមគ្គីភាពផ្ទៃក្នុងបានល្អ យន្តការសម្រប សម្រួលត្រូវបានថ្នាក់ដឹកនាំចាត់ទុកជាអាទិភាពក្នុងភាពជាដៃគូយុទ្ធសាស្រ្តការងារកីឡានិងការកសាងអភិវឌ្ឍន៍វិស័យកីឡាជាតិតែមួយ។
ជាមួយនឹងការថ្លែងបើកមហាសន្និបាតរបស់ប្រធានអូឡាំពិកនោះ អង្គមហាសន្និបាត បានពិនិត្យមើលរបាយការណ៍ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ដែ​លបានបង្ហាញពីការត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍ជាតិនិងអន្តរ ជាតិ ព្រមទាំងពិភាក្សាពីគម្រោងផែនការសហ ព័ន្ធកីឡាជាតិសម្រាប់ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ៕

អត្ថបទដែលជាប់ទាក់ទង