ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ចុះចែកអំណោយ ជូនប្រជាជន៤៤គ្រួសាររងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះ

156

ភ្នំពេញ៖នារសៀលថ្ងៃទី​ ២៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​​​​ នៅវត្តទួលសុវណ្ណារាម​ ហៅវត្តទួលសង្កែ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលដឹកនាំការងារនេះដោយ​ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញនិងជានាយកប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យបំផ្លាញផ្ទះចំនួន៤៤គ្រួសារ កាលពីពេលកន្លងទៅ ថ្មីៗនេះក្នុងនោះ២៩គ្រួសារ​ នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ​ទី១ និង១៥គ្រួសារទៀត​ នៅភូមិសាមគ្គី​ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។

មានប្រសាសន៍នាខណៈនោះ ក្នុងនាម​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ពីការ​យកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច​ របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា“ ។​ លោកនាយកប្រតិបត្តិសាខា​ ក៏សូមឲ្យបងប្អូនរងគ្រោះទាំងអស់មេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។

អំណោយមនុស្សធម៌ដែលបានចែកជូននាឱកាសនោះដោយក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម​ មី៣កេស​ ត្រីខ១យួរ​ ទឹកត្រី២យួរ​ ទឹកសុទ្ធ១កេស​ តង់១​ ទឹកដោះគោ៥កំប៉ុង​ ស្ករស២គីឡូក្រាម​ តែ៥កញ្ចប់​ ទឹកផ្លែឈេី​៥កំប៉ុង អាវយឺត៥​ និងថវិកាចំនួន​៦មុឺនរៀល​ ៕

អត្ថបទដែលជាប់ទាក់ទង