ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះក្បែររបងស្ថានទូតអាមេរិកនៅប៉េកាំង

123

ប៉េកាំង៖ គ្រឿងផ្ទុះកែច្នៃត្រូវបានគេបំផ្ទុះ នៅក្បែររបងរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង នៃប្រទេសចិន។ ជនបង្ក ទទួលរងរបួស ចំណែកជនស៊ីវិលផ្សេងទៀតពុំមានរបួសនោះទេ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ ស្ថានទូតផ្ទាល់ វែបសាយរបស់ស្ថានីយទូរទស្សន៍ CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ហេតុការណ៍ខាងលើបានកើតឡើង នាវេលាម៉ោងប្រមាណជា ១រសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅប៉េកាំង) ចំទីតាំងមួយនៅខាងក្រៅរបងស្ថានទូតអាមេរិក ដែលស្ថិតនៅក្នុងសង្កាត់ ចៅយ៉ាង (Chaoyang) នៃរដ្ឋធានីប៉េកាំង ប្រទេសចិន។ បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតអាមេរិក បុគ្គលម្នាក់បានបំផ្ទុះគ្រាប់បែកច្នៃមួយគ្រាប់ ហើយក្រៅតែពីជនបង្ក គឺពុំមាននរណាផ្សេងរងរបួសឡើយ។

គួរជម្រាបថា បើតាមការលើកឡើងពីប៉ូលិសចិន ពួកគេកំពុងបើកការស៊ើបអង្កេតទៅលើករណីនេះ និងបានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែក បានធ្វើឲ្យរបួសដៃខ្លួនឯង ប៉ុន្តែមិនស្ថិតក្នុងស្ថានភាពដែលគំរាមកំហែងដល់អាយុជីវិតឡើយ។ នាពេលនេះជងបង្កមានអាយុ ២៦ឆ្នាំ និងមានត្រកូល ជីង មកពីតំបន់ Inner Mongolia កំពុងទទួលការព្យាបាលទៅឯមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង