អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាង ត្បូង ប្រគល់ ថវិកា ៣៨លានរៀលជូន មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់មន្ទីរពេទ្យនេះ










ភ្នំពេញ៖ ថវិកាចំនួន ៣៨លានរៀលត្រូវបាន លោកជា លីសែ តំណាងអោយលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាំយកទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យមនុស្សធម៌នេះត្រូវ ចំណាយថវិកាសម្រាប់ទ្រទ្រង់មិនក្រោម ៥០លានដុល្លារនោះទេ ក្នុងមួយឆ្នាំៗ។
ពីធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ មិនា ២០២០ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានវត្តមាន លោកជា លីសែ តំណាងអោយលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោកនង ពិសិដ្ឋ អនុប្រធានមូលនិធិគន្ធបុប្ផា លោកគី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងសមាជិករបស់ CEO Master Clubជាច្រើននាក់ផងដែរ។
លោកជា លីសែ បានឲ្យដឹងថា ការបង្កើតអោយមានមូលនិធិនេះ គឺផ្តើមចេញពីអង្គសិក្ខាសាលា ដែលមានការចូលរួមពីសមាជិករបស់ CEO Master Club បានថវិកាចំនួនជាង ៣៨លានរៀល ដើម្បីយកថវិកាទាំងនេះ មកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ហើយសកម្មភាពនេះធ្វើឡើងក្នុងមួយឆ្នាំពីរដង តាមរយៈសិក្ខាសាលា។
លោកជា លីសែ បញ្ជាក់ថា ការប្រមូលថវិកានេះយើងប្រើប្រាស់រយៈពេលខ្លី ទទួលបានថវិកាចំនួន៣៨លានរៀល ហើយការងារមនុស្សធម៌នេះ ក្រុមការងាររបស់ស្ថានទូតដូចជា សមាជិករបស់ CEO Master Club នឹងបន្តសកម្មភាពមនុស្សធម៌នេះ បន្តទៀតដើម្បីចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជា លីសែក៏បាន
អំពាវនាវ បន្ថែមទៅបងប្អូនមិត្តភ័ក្ត ជាពិសេសអ្នកនៅកូរ៉េ និងធ្លាប់នៅប្រទេសកូរ៉េ សូមចូលរួមសកម្មភាពមនុស្សធម៌នេះជាមួយគ្នា ។
លោកនង ពិសិដ្ឋ អនុប្រធានមូលនិធិគន្ធបុប្ផា ដែលជាអ្នកទទួលថវិកាមនុស្សធម៌ខាងលើនេះបានអោយដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានបង្កើតមូលនិធិគន្ធបុប្ផា ឡើងកាលពីថ្ងៃទី១១ ខែ ៤ ឆ្នាំ២០១៨ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាស្ថាបនិកនិងលោកអូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមប្រឹក្សា ហើយក្រោយពីបានបង្កើតនូវមូលនិធិនេះ យើងកសាងសមាជិកបានចំនួនជាង ៥ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាង១៦ លាននាក់ ដែលចំនួននេះបានបង្ហាញថា សមាជិករបស់មូលនិធិគន្ធបុប្ផា នូវមានចំនួនតិចតូចនៅឡើយ ។លោកសូមអោយប្រជាពលរដ្ឋកម្ពុជា ចូលរួម ជាសមាជិកឱ្យបានច្រើន ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធៈបុប្ផា ដោយសារមន្ទីរពេទ្យនេះបាន
ជួយសង្គ្រោះដល់កុមារកម្ពុជានៅទូទាំងប្រទេស ដោយ
ក្នុងមួយថ្ងៃៗ មានកុមារកម្ពុជាចូលទៅព្យាបាលនៅមន្ទីរពេទ្យនេះមិនតិចជាង២០០០នាក់ឡើយ ហើយក្នុងមួយឆ្នាំៗ ក៏បានចំណាយថវិកាសម្រាប់ទ្រទ្រង់មិនក្រោម ៥០លានដុល្លារនោះដែរ។
ជាចុងក្រោយជួសមុខឲ្យមូលនិធិ លោកសូមថ្លែងអំណរគុណដល់ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ លោកគ្រូ អោម សេងបូរ៉ា លោកគ្រូ ឃីម សុខហេង សមាជិករបស់ CEO Master Club និងក្រុមការងាររៀបចំគ្រប់ផ្នែក ដែលបានជម្រុញអោយមានអង្គសិក្ខាសាលាខាងលើកើតឡើងរហូតទទួល បានថវិកាចំនួនជាង ៣៨លានរៀល ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ៕