ក្រុមមនុស្សបំពុលព័ត៌មានរឿង COVID19 ជាក្រុមភេរវកម្ម
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពីជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ថាជាភេរវករ និងបានបង្កឱ្យមានចលាចលក្នុងសង្គម។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទទី២ខែមីនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋតក់ស្លុតនឹងជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ដែលកំពុងរាតត្បាតលើបណ្តាប្រទេសមួយចំនួនលើពិភពលោក និងបានព្រមានថា អ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពីករណីនេះនៅកម្ពុជាថាជាភេរវករ។
សម្តេចបានថ្លែងថា យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)។ ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេហ្សី។
អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគឲ្យបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។
មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ។ ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។
ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល។
ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake News)ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។ កម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈក្រសួងសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មួយផ្នែកទៀតទប់ទល់នឹងឥទ្ធិពលនៃជំងឺកូវិត-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមានខិតខំពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុក អោយបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនីយដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋយើង។
សម្តេចតេជោ បានមានប្រសាសន៍ថា “ការបំផុសព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត នៅខាងមុខ ខ្ញុំនឹងចាត់ទុកអ្នកឯងថាជាពួកភេរវករ ព្រោះការបំផុសព័ត៌មានពីការដួលស្លាប់អាជំងឺ COVID-19 នេះ វាអត់មាននរណាទៅប្រកាច់ងាប់ទេ កុំឆ្ងល់។ វាមិនមែនដើរតុកៗទៅដួលងាប់ដូចដាច់សរសៃឈាមទេ ដើរទៅសួរលើពិភពលោកទៅ។ មនុស្សគង់តែស្លាប់ទេ ប៉ុន្តែខ្លះងាប់ក៏ទម្លាក់ទៅលើជំងឺកូវីដ ។ ជំងឺត្រូវស្លាប់ទោះបីជាអត់មាន ជំងឺកូវីដក៏ស្លាប់ដែរ” ។
សម្តេចតេជោ ហ៊ុន សែន ជឿថា ការប្រយុទ្ធប្រឆាំងជំងឺ COVID19 ជាមូលហេតុនាំឱ្យអាមេរិកពន្យារពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ហើយវាបង្កផលប៉ះពាល់ដោយជំងឺ COVID19 មានទំហំធំធេងណាស់។ សម្តេចតេជោ ហ៊ុន សែន ចោទសួរក្រុមជនទុច្ចរិតបំពុលព័ត៌មាននេះថា បានអ្វីមកវិញ? គឺបានត្រឹមបង្កភាពភ័យខ្លាចប៉ុណ្ណោះ។ រោគសញ្ញានៃជំងឺ COVID-19 គឺមិនបណ្តាលឱ្យមនុស្សដួលស្លាប់ភ្លាមៗនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធករណី COVID-19។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅគ្រប់ច្រកតាមព្រលានយន្តសុទ្ធតែមានបំពាក់ឧបករណ៍ចាប់កំដៅក្នុងខ្លួនមនុស្ស ដើម្បីតាមដានជំងឺ COVID19។ បញ្ហាបង្កដោយជំងឺ COVID19 នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅមន្ត្រីជំនាញ និងពលរដ្ឋកម្ពុជា កុំឱ្យតក់ស្លុត បើករណីនេះវាកើតមាននៅកម្ពុជាមែន ដោយថា រដ្ឋាភិបាលបានត្រៀមវិធានការសង្គ្រោះរួចរាល់ហើយ។
សម្តេច បានបន្តថា៖ យើងសព្វថ្ងៃនេះ អ្វីដែលយើងការពារបានគឺការពារកុំឱ្យវាឆ្លងប៉ុណ្ណឹង។ ប៉ុន្តែ និយាយដូច្នេះ មិនមែនមានន័យថា យើងមិនរៀបចំទេ នៅភ្នំពេញរៀបចំនៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ឥឡូវ ត្រូវខិតខំម្ខាងកុំឱ្យមេរោគនេះឆ្លងចូលក្នុងប្រទេស ក្នុងករណីដែល ចូលមកហើយ ក៏សុំកុំតក់ស្លុតឱ្យសោះ អាជំងឺតក់ស្លុត វានាំទៅដល់ជំងឺដែលមិនត្រូវងាប់ក៏បានដែរ។
សម្តេចតេជោចោទសួរ ទៅកាន់អ្នកបំផុស ព័ត៌មានមិនពិតទាំងនោះថា តើទទួលបានអ្វីមកវិញ។ ផ្ទុយទៅវិញបានត្រឹមតែបង្កការភ័យខ្លាចចំពោះប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសារ ខ្លួនតែប៉ុណ្ណោះ។
សម្តេចបញ្ជាក់ថា បើសិនប្រជាពលរដ្ឋម្នាក់ៗ ដឹងខ្លួនឯងថា ខ្លួនឈឺឬអត់ ហើយបន្តរក្សាអនាម័យ ជាមួយសាប៊ូ ឬលាងអាល់កុល និងអនាម័យផ្ទះសម្បែងជារឿងល្អ ។ មនុស្សម្នាក់ៗ ធ្វើការវាយបកចំពោះព័ត៌មានមិនពិត ដោយចាំតែក្រសួង សុខាភិបាល បកស្រាយ ឬនាយករដ្ឋមន្ត្រី និយាយ មិនគ្រប់គ្រាន់នោះទេ ។
ក្រសួងព័ត៌មានកាលពីម្សិលមិញ បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការម្ចាស់គណនី និងទំព័រហ្វេសប៊ុកមួយចំនួនដែលបង្ហោះព័ត៌មានក្លែងក្លាយ ទាក់ទងនឹងជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬ COVID-19 នេះ៕