ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០%ហើយ

63

ព្រះសីហនុ៖

ថ្ងៃចន្ទ៩កើតខែផល្គុនឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី០២ខែមីនាឆ្នាំ២០២០ឯកឧត្តមយិតបុណ្ណារដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្ដមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងដោយមានការចូលរួមពីឯកឧត្ដមគង់សារាជប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភាអញ្ជើញចុះពិនិត្យមើលសកម្មភាពនិងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដោយមានការចូលរួមពីអង្គភាពនិងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ដំណើរបេសកកម្មនេះធ្វើឡើងដើម្បីពិនិត្យសកម្មភាពនិងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញខេត្តព្រះសីហនុក៏ដូចជាស្វែងយល់និងរកដំណោះស្រាយនូវរាល់បញ្ហានានាដែលជួបប្រទះខណៈពេលកំពុងសាងសង់ដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថាគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធបានសហការគ្នាយ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះជាក់ស្ដែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសិក្សានិងដោះស្រាយផលប៉ះពាល់បាន៧០% និងគ្រោងបញ្ចប់ការដោះស្រាយផលប៉ះពាល់នេះនៅខែឧសភាឆ្នាំ២០២០ខាងមុខនេះ។

ឆ្លើយតបទៅនឹងក្រុមអ្នកសារព័តមាននាពេលនោះឯកឧត្ដមគង់សារាជប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភាបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវស្ថានភាពសាងសង់គុណភាពផ្លូវនិងវឌ្ឍនភាពដែលទទួលបាននាពេលនេះ។

ឯកឧត្ដមប្រធានគណៈកម្មការទី៩បានបន្តថាផ្លូវល្បឿនលឿននិងកំពង់ផែសមុទ្រទឹកជ្រៅដែលអាចឱ្យនាវាធំៗចូលចតបាននិងដឹកជញ្ជូនត្រង់ទៅបណ្ដាប្រទេសនានានឹងជំរុញឱ្យក្រុងមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសយើង។

សូមបញ្ជាក់ថាផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុបានបើកការដ្ឋានសាងសង់នៅខែកក្កដាឆ្នាំ២០១៩ហើយមកដល់បច្ចុប្បន្ននេះផ្លូវនេះសម្រេចបាន២០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនគម្រោងកំណត់(ខែកញ្ញាឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំងនិងសម្ភារគ្រប់គ្រាន់និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ឆាប់រហ័សជាងការរំពឹងទុក៕

អត្ថបទដែលជាប់ទាក់ទង