ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទប់ស្កាត់ ការ​ក្លែងបន្លំ​ម៉ាក​សម្គាល់ ភូមិសាស្ត្រ​ទំនិញ​ម្រេច​កំពត

113

 

​កំពត​៖ ដើម្បី​ពង្រឹង និង​ពង្រីក​ផលិតកម្ម​ម្រេច​កំពត ក៏ដូចជា​ការទប់ស្កាត់​ការ​ក្លែងបន្លំ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ម្រេច​កំពត កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​ទស្សនកិច្ច ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ម្រេច នៅ​ចម្ការ​ម្រេច​កំពត​របស់​ក្រុមហ៊ុន ឡា ផ្ល​ង់​តា​ស្យុ​ង (La Plantation) ស្ថិតនៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​បន្ទាប់ពី​ម្ចាស់​ចម្ការ​បានបង្ហាញ​អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ម្រេច​រួច លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ម្ចាស់​ចម្ការ​ម្រេច​កំពត ដែល​បាន​បង្កើត​រោងចក្រ​កែច្នៃ​ម្រេច​ដ៏​ធំ​មួយ​នេះ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​ធ្វើការ​កែច្នៃ​សម្រាប់​ទីផ្សារ​ក្នុងប្រទេស និង​ក្រៅប្រទេស ព្រមទាំង​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា ចំនួន ៥​ម៉ឺន ទៅ ៦​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំៗ​។ ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន ឡា ផ្ល​ង់​តា​ស្យុ​ង ក៏បាន​ជួយ​ទិញ​ម្រេច​របស់​ប្រជាកសិករ​ចំនួន ២១ គ្រួសារ ដែលជា​សមាជិកសមាគម​ម្រេច ចំនួន ១ ៤៦៧ គីឡូក្រាម នៅក្នុង​ឆ្នាំ​២០១៩ សម្រាប់ធ្វើ​ការនាំ​ចេញទៅ​បណ្តា​ប្រទេស​ចំនួន ៣៧​ប្រទេស នៅ​សហគមន៍​អឺរ៉ុប​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កសិករ ផលិតករ សហគមន៍ សមាគម និង​ក្រុមហ៊ុន ផលិត​ម្រេច​កំពត ត្រូវ​ប្រកាន់​ភ្ជាប់ និង​អនុវត្តតាម​សៀវភៅ​បន្ទុក​ម្រេច​កំពត ដូចជា ការផលិត​មាន​អនាម័យ​ខ្ពស់ វេច​ខ្ចប់ រក្សាទុក និង​មិន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ ជាដើម ដើម្បីឱ្យ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ម្រេច​កំពត កាន់​តែមាន​ភាពល្បីល្បាញ​លើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​។​

​ទន្ទឹមនឹងនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន ឡា ផ្ល​ង់​តា​ស្យុ​ង បន្ត​ជួយ​ទិញ​ម្រេច​ពី​ប្រជាកសិករ ឱ្យបាន​កាន់តែច្រើន​ថែមទៀត និង​ផ្សព្វផ្សាយ​ពី​គុណភាព​ម្រេច​កំពត​ដល់​អ្នកប្រើប្រាស់ និង​ពាណិជ្ជករ​បរទេស ឱ្យ​បន្ត​គាំទ្រ​ម្រេច​កំពត ជាពិសេស​ជួយ​ពង្រីក​ទីផ្សារ​ម៉ាក​សម្គាល់ ភូមិសាស្ត្រ​ទំនិញ​ម្រេច​កំពត​នៅ​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០០៩ ផ្ទៃដី​ដាំ​ម្រេច​កំពត មាន​ចំនួន ៩,៤៥ ហិកតា ទទួលផល​បាន ១៧,៣៩២​តោន ហើយ​នៅ​ឆ្នាំ​២០១៩ ផ្ទៃដី​ដាំ​ម្រេច​កំពត កើន​ដល់ ២៩០,៩ ហិកតា ទទួលផល​បាន ១២៦,៦៦០​តោន​៕

អត្ថបទដែលជាប់ទាក់ទង