ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត ៖ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ប្រតិបត្តិនូវព្រះធម៌ប៉ុណ្ណោះទេ តែជាកន្លែងរួមគ្នាដើម្បីកសាងសមិទ្ធផលនានា

71
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន  បានមានប្រសាសន៍លើកឡើងថា វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ប្រតិបត្តិព្រះធម៌ប៉ុណ្ណោះទេ តែវត្តអារាមជាកន្លែងសម្រាប់រួមសាមគ្គីគ្នា ក្នុងការកសាងនូវសមិទ្ធផលនានា សម្រាប់ព្រះរាជាណាចក្រកម្ពុុជារបស់យើងផងដែរ។
  លោកបញ្ជាក់ផងដែរថា សមិទ្ធផលដែលកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅតាមវត្តអារាមនានាគឺកើតចេញពីសន្តិភាព។ ប្រទេសមានសន្តិភាពទើបមានហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍទាំងពុទ្ធចក្រនិងអាណាចក្រ។ ដូច្នេះទេ លោកសូមឲ្យមានការរួមគ្នាធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិភាពនេះ។
  ការលើកឡើងរបស់ លោកហ៊ុន ម៉ាណែតបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមា ព្រះវិហារថ្មីនិងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តចតុភក្រ្តាមង្គលឧត្តមមុនីហៅវត្តហារាម ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៧ ខែមីនាឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ ព្រមទាំងមានការជូបរួមពី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋប្រមាណ១៨០០ នាក់។
  ក្នុងឱកាសនោះដែរ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាលោកតា លោកយាយ រួមគ្នារក្សាសន្តិភាពកុំចូលរួមក្នុងការអូសទាញពីជនអគតិមួយចំនួនដោយចង់ផ្លាស់ប្ដូររដ្ឋាភិបាលស្របច្បាប់ ដោយលោកបញ្ជាក់ថា បើមានគេបបួលទៅធ្វើរដ្ឋប្រហារឬដុតកំទេសប្រទេសយើង សូមបងប្អូនលោកតា លោកយាយកុំចូលរួម ហើយអ្វីដែលយើងត្រូវចូលរួមនោះ គឺការ ចូលរួមកសាងវត្តអារាម ការចូលរួមធ្វើបុណ្យទាន ចូលរួមបោះឆ្នោត ជូនសម្ដេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រី ខណៈដែលសម្ដេចហ៊ុន សែន នៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី នោះសម្តេចនឹងមានឱកាសដើម្បីបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចម្រើនជាងនេះបន្ថែមទៀត។
  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា នៅក្នុងរដ្ឋានខណ្ឌដង្កោនេះ
មានវត្តអារាមចំនួន២៣វត្ត មានព្រះសង្ឃគង់នៅអាស្រ័យចំនួន៤២៧ អង្គរ។ដោយឡែកវត្តចតុភក្រ្តាមង្គលឧត្តមមុនីហៅវត្តហារាម ដែលបានសម្ពោធ កាត់ឫសសីមានាពេលនេះ មានអាយុកាល២១៨ឆ្នាំហើយពោលគឺបានសាងសង់ឡើងតាំងពីដើមសតវត្សទី១៨ សម័យរាជធានីឧត្តុង្គ ដោយមានព្រះចៅអធិការចំនួន៨ អង្គមកហើយ ហើយបច្ចុប្បន្ននេះគឺព្រះសច្ចកោសលម៉ក់ សុខលីគឺជាព្រះចៅអធិការ។
   លោកអភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា សមិទ្ធផលដែលបានសម្ពោធឆ្លងក្នុងឱកាសនេះគឺព្រះវិហារថ្មីដ៏ធំស្កឹមស្កៃទំហំ១២ម៉ែត្រគុណនឹង២១ម៉ែត្រកម្ពស់៤៩ម៉ែត្រនិងហេដ្ឋារចនាសម្ព័ន្ធ បំពាក់ភ្ជាប់
ជាច្រើនទៀត ដោយបានចំណាយថវិកាសាងសង់រហូតដល់ប្រមាណជិត២លាន៣សែនដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តព្រមទាំងសប្បុរសជននានា ទាំងក្រៅនិងក្នុងប្រទេស។
   ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានជំរុញនិងស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានខិតខំពុះពារជំនះរាល់ការលំបាកខ្លាំងណាស់ ទម្រាំដណ្តើមបានសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
  បន្ថែមពីលើនេះទៀត លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ដោយសារ រដូវនេះជារដូវប្រាំងដែលតាមការព្យាករណ៍ អាចមានការកើនឡើងនូវកំដៅខ្ពស់ជាងបណ្ដាឆ្នាំកន្លងទៅ ហើយខណ្ឌដង្កោគឺជាខណ្ឌមួយស្ថិតនៅជាយរាជធានី មិនទាន់មានបណ្ដាញទឹកស្អាតគ្រប់គ្រាន់ ។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋ ចូលរួមគ្នារក្សាទុកទឹកស្អាតនិងប្រើប្រាស់ដោយការសន្សំសំចៃខ្ពស់ ។ ជាពិសេសត្រូវត្រៀមចូលរួមបង្ការទប់ស្កាត់និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយគ្រោះរាំងស្ងួតនិងគ្រោះអគ្គីភ័យជាយថាហេតុ៕
អត្ថបទដែលជាប់ទាក់ទង