ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ថាបនាស្ពានអូរឆែប និងអូរតាយូ លើកំណាត់ផ្លូវជាតិលេខ៩៥បានរួចរាល់១០០ភាគរយហើយ ក្រុមការងារកំពុងអ៊ុតគំនូសចរាចរណ៍ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

275
ព្រះវិហារ៖ ខេត្តព្រះវិហារ គឺជាខេត្តមួយ នៅដាច់ស្រយាល ឆ្ងាយពីរាជធានីភ្នំពេញ ដោយមានព្រំប្រទល់នៅជាប់ព្រំដែននៃប្រទេសថៃនិងប្រទេសឡាវ ។ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ បើទោះបីខេត្តមួយនេះមានការអភិវឌ្ឍក្រោយគេក៏ពិតមែន តែមកដល់ពេលនេះគេបានឃើញខេត្តព្រះវិហារមានការអភិវឌ្ឍលឿន គួរឱ្យចាប់អារម្មណ៍និងបានទាក់ទាញភ្ញៀវទេសចណ៍ជាតិនិងអន្តរជាតិទៅមកដើរលេង កំសាន្តច្រើនដោយសារខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធល្អនិងប្រព័ន្ធផ្លូវគមនាគមន៍ខ្វាត់ខ្វែងស្អាតមានសោភ័ណ្ឌភាពទាំងផ្លូវជនបទនិងផ្លូវក្នុងទីក្រុង។
   ជាក់ស្ដែងគិតមកដល់ថ្ងៃទី០៩ មិនានេះ ការស្ថាបនាស្ពានអូរឆែបនិងអូរតាយូ នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៩៥ ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារបានរួចរាល់១០០%ហើយ ហើយខណៈនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរណ៍លើកំណាត់ផ្លូវនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលនិងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
 ដើម្បីជម្រុញអោយខេត្តព្រះវិហារកាន់តែមានសក្តានុពល សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ គេពិនិត្យឃើញ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអនុវត្តការងារយ៉ាងច្រើន ក្នុងនោះរួមមានការដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ទាំងផ្លូវជាតិលេខ៦២និងផ្លូវគ្រួសក្រហមនានាទាំងផ្លូវក្នុងទីក្រុងនិងទីប្រជុំជនក៏ដូចនៅតាមបណ្ដាស្រុកក្នុងខេត្តជាពិសេសគឺការស្ថាបនាស្ពាន២កន្លែងនៅផ្លូវជាតិលេខលេខ៩៥ក្នុងស្រុកឆែបខេត្តព្រះវិហារ ដែលស្ថាបនារួចរាល់នៅពេលនេះ។
   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី ធ្លាប់បានឱ្យដឹងហើយថា អ្វីដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសម្រេចបានក្នុងឆ្នាំ២០១៩នោះគឺអនុវត្តតាមការដឹកនាំចង្អុលបង្ហាញជាប្រចាំពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
  លោកប្រធានមន្ទីរបានឱ្យដឹងថា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការចរាចរណ៍ទៅមកនោះក្នុងឆ្នាំ២០១៩កន្លងទៅនេះការងារជួសជុលថែទាំផ្លូវនៅក្នុងខេត្តព្រះវិហារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការជួសជុលថែទាំផ្លូវបានប្រវែង៨០០គីឡូម៉ែត្រដែលមានផ្លូវក្រាលកៅស៊ូចំនួន៤០០គីឡូម៉ែត្រ ក្នុងនោះមានដូចជាការថែទាំ និងជួសជុលផ្លូវជាតិលេខ៦២ ប្រវែង ២២០០ម៉ែត្រស្មើ២គីឡូ ២០០ ម៉ែត្រ។ ដោយឡែកសម្រាប់ឆ្នាំ២០១៩កន្លងទៅនេះដែរ មន្ទីរបានពង្រីកផ្លូវកោះកែរនិងផ្លូវម្លូរព្រៃបន្ថែមទំហំ៤ម៉ែត្រកន្លះទៀតលើផ្លូវដែលមានស្រាប់នៅក្នុងសង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រវែង ២២៧០ម៉ែត្រ ជាមួយនឹងការពុះទ្រូងផ្លូវដាក់សួនច្បារនៅកណ្តាល បំពាក់ទៅដោយអំពូលភ្លើង ។ ទន្ទឹមនឹងនោះនៅក្នុងទីរួមខេត្តនេះដែរ មន្ទីរបានអ៊ុតកៅស៊ូACនៅមុខសាលាខេត្តមានប្រវែងប្រមាណជា ៧ ម៉ឺនម៉ែត្រការ៉េ។
    លោក សំ លាងទ្រី ក៏បានបញ្ជាក់ទៀតថា ផ្លូវនៅក្នុងទីរួមខេត្តព្រះវិហារមានអាយុកាលប្រមាណជាង១០ឆ្នាំហើយ ដែលធ្វើឱ្យកៅស៊ូងាប់តែនៅពេលយើងធ្វើការអ៊ុតកៅស៊ូ AC នេះនឹងធ្វើឲ្យជីវិតកៅស៊ូមានជីវិតឡើងវិញហើយប្រើប្រាស់បានពី៥ទៅ៦ឆ្នាំទៀត។ក្រៅពីនេះមន្ទីរក៏នឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹង ការដាក់លូ អក្សU នៅតាមបណ្តោយផ្លូវដោយមន្ទីរសាធារណការខេត្តបានបើកការដ្ឋានកាលថ្ងៃទី២៥ ធ្នូ២០១៩កន្លងមកនេះ ដើម្បីរំដោះទឹកចេញពីទីរួមខេត្ត។
  លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៩នោះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនៅរង្វង់មូលស្រអែម នៅក្នុងស្រុកជាំក្សាន្តហើយចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥ភាគរយនៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អរយ៉ាងស្រស់ស្អាត់ផងដែរ។
   លោកបន្តទៀតថា៖ក្នុងឆ្នាំ២០១៩ដែរការិយាល័យសាធារការ ស្រុកឆែប ស្រុករវៀង ស្រុកជាំក្សាន្ត ស្រុកគូលែន និងស្រុកជ័យសែន នៃមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះកាត់សម្អាតរុក្ខ ជាតិ(កាត់ស្មៅ) និងកូនឈើដែលដុះបាំងផ្លូវកោង បង្គោលគីឡូម៉ែត្រ ផ្លាកសញ្ញា ដាឡូ លូ និងស្ពាន ដែលស្ថិតលើកំណាត់ផ្លូវជាតិលេខ ៩, លេខ៦២, លេខ៦៤, លេខ៩៥ ផ្លូវខេត្តលេខ ២៦២៦, ២៦២៥ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារឱ្យមានសោភ័ណ្ឌភាពផងនិងអ្នកធ្វើដំណើរងាយស្រួលមើលផ្លូវ។
  ពាក់ព័ន្ធទៅនឹងការលំបាកនិងការប្រឈមសម្រាប់មន្ទីរសាធារណការខេត្តវិញលោកសំ លាងទ្រី បានបញ្ជាក់ដែរថា៖ក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានដូចជាបញ្ហាទឹកជំនន់ភ្នំដែលធ្លាប់មកពីភ្នំបណ្ដាលឱ្យជន់លិចផ្លូវនិងដាច់ផ្លូវជាច្រើនកន្លែងនិងផ្លូវនៅតាមព្រំដែនឡាវវិញត្រូវទឹកជំនន់មកពីទន្លេល្ពៅជន់លិចនិងហូរកាត់ផ្លូវបណ្ដាលឱ្យដាច់ខូចខាតពិបាកក្នុងការងារជួសជុលផងនិងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅរដូវរស្សាដោយសារផ្លូវរបស់យើងជាផ្លូវគ្រួសក្រហម។
  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបានបញ្ជាក់ថា៖ជាទិសដៅសម្រាប់ឆ្នាំ២០២០នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារមានគម្រោងអ៊ុតកៅស៊ូACនៅផ្លូវកោះកែរនិងផ្លូវម្លូរព្រៃក្នុងទីរួមខេត្តបន្តទៀតដែលមានប្រវែងប្រមាណ៥គីឡូម៉ែត្រ ។ក្នុងនោះបន្តស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹង ការដាក់លូ អក្សU នៅតាមបណ្តោយនានាក្នុងក្រុងព្រះវិហារថែមទៀត។ជាគម្រោងនៅក្នុងឆ្នាំ២០២០នោះផងដែរ ផ្លូវកាត់ទទឹងទាំងអស់នៅក្នុងទីរូបខេត្តមន្ទីរសាធារណការនិងធ្វើការស្ថាបនាដោយចាក់បេតុងឆ្អឹងដែក ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយភាពសុខសប្បាយ ។
  លោកប្រធានបន្តទៀតថា៖ជាទិសដៅឆ្នាំ២០២០នេះដែរគ្រោងជួសជុលបង្ហើយផ្លូវជាតិលេខ៩៥ ដែលនៅសល់ប្រវែង២០គីឡូម៉ែត្រនេះដោយសារផ្លូវជាតិលេខ៩៥នេះមានប្រវែងសរុប ៨០ គីឡូម៉ែត្រ ដោយបំបែកចេញពីផ្លូវជាតិលេខ ៩ ត្រង់ គីឡូម៉ែត្រ ៥៤៥+៥០០ ក្នុងទីរួមស្រុកឆែប ខេត្តព្រះវិហារ និងបញ្ចប់ត្រង់កែងផ្លូវជាតិលេខ ៦២ ត្រង់ គីឡូម៉ែត្រ ៦៨+២០០ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។សព្វថ្ងៃផ្លូវជាតិលេខ ៩៥ នេះបានក្រាលកៅស៊ូ DBST បានប្រវែង ៥៩ គីឡូម៉ែត្រ ហើយនៅសស់ប្រវែងជាង ២០ គីឡូម៉ែត្រ ទៀតដែលនៅជាផ្លូវក្រាលក្រួសក្រហមនៅឡើយ (គីឡូម៉ែត្រ ៤+៣០០ ដល់ គីឡូម៉ែត្រ ២១+២០០និង គីឡូម៉ែត្រ ៣០+២០០ ដល់ គីឡូម៉ែត្រ ៣៣+៧០០)។ផ្លូវលេខ៩៥នេះ ឆ្លងកាត់ស្រុកចំនួន៣ គឺ ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ដោយមានប្រជាជនរស់នៅសរុប ចំនួន ២២៥១៤ គ្រួសារ ស្មើនឹង ចំនួន ៩៥៥៧០ នាក់។
  លោកសំ លាងទ្រី បានបញ្ជាក់ទៀតថា៖ផ្លូវជាតិលេខ៩៥នេះ វាបានបម្រើឱ្យប្រជាជនដឹកជញ្ជូនកសិផលក្នុងតំបន់ ដែលពួកគាត់ភាគច្រើនជាអ្នកស្រែ ចំការ ដូចជាស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទីរ ក៏ដូចជា ដំណាំហូបផ្លែមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ប្រសិនបើយើងធ្វើដំណើរពីភ្នំពេញ ទៅខេត្តស្ទឹងត្រែង កាត់តាមផ្លូវជាតិលេខ ៩៥ នេះ គឺវាជិតជាងកាត់តាមផ្លូវជាតិលេខ ៦២ (កាត់តាមទីរួមខេត្តព្រះវិហារ) ប្រមាណជា ៣៥ គីឡូម៉ែត្រ។មន្ទីរក៏គ្រោងជួសជុលស្ពានពុទ្រាដែលមានប្រវែង១២០ម៉ែត្រឆ្លងកាត់ស្ទឹងសែននៅភូមិពុទ្រា ឃុំពុទ្រ ស្រុកជ័យសែនមានសភាពទ្រុតទ្រោមត្រូវការជួសជុលបន្ទាន់ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈធ្វើដំណើរឆ្លងកាត់៕
អត្ថបទដែលជាប់ទាក់ទង