ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវ ជាថ្មី អោយប្រជាពលរដ្ឋ រួសរាន់ មកបង់ថ្លៃសេវាប្រមូលសំរាមអោយបានទាន់ពេលកំណត់

61

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវជាថ្មី អោយប្រជាពលរដ្ឋ រួសរាន់ធ្វើការទំនាក់ទំនងមករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និង មកបង់ថ្លៃសេវាប្រមូលសំរាមអោយបានទាន់ពេលកំណត់ ដោយសារថា មកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋមួយចំនួនបានអនុវត្ត តែបងប្អូនមួយចំនួនមិនទាន់មកបង់ថ្លៃសេវាប្រមូលសំរាមនៅឡើយទេ។
  ការអំពាវនាវជាថ្មីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១២ មិនា២០២០នេះ ដោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដោយលោកបានជម្រុញអោយក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយក្រើនរំលឹក និងជម្រុញអោយបងប្អូនប្រជាពលរដ្ឋ រួសរាន់បង់ថ្លៃសេវាប្រមូលសម្រាម ដោយមកដល់ថ្ងៃនេះ(ថ្ងៃទី១២ មិនា )ហើយ សម្រាប់ការបង់ថ្លៃសម្រាមខែកុម្ភៈ ។
   លោកម៉េត មាសភក្តី បានបន្តថា ពាក់ព័ន្ធនិងករណីខាងលើ កន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងម្តងរួចមកហើយ ដែលក្នុងសេចក្តីជូនដំណឹងកាលណោះ មានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រោយពីបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងអំពីនីតិវិធី  និងបានចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមសេចក្តីណែនាំលេខ ០១៧/១៩ សណន.ស ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ រួចហើយ។  ប៉ុន្តែ នៅមាន បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នេះនៅឡើយ ដោយសារបងប្អូននៅពុំទាន់យល់ពីការផ្លាស់ប្តូរប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងអ្នកខ្លះទៀតជាប់រវល់បំពេញភារកិច្ចការងារ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នេះ។
  អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឬមិនទាន់មានលេខសំគាល់អតិថិជន (ID) សូមរួសរាន់ធ្វើការទំនាក់ទំនងមករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមកបង់ថ្លៃសេវាប្រមូលសំរាម ឱ្យបានទាន់ពេលវេលា ជៀសវាងរងការទទួលនូវវិធានការណ៍នានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត៕
អត្ថបទដែលជាប់ទាក់ទង