ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតី​បារាំង ប្រកាសសង្គ្រាម​ប្រឆាំង COVID-19

83

 

​ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​ឲ្យ​តឹងរឹង ដើម្បី​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់​ប្រជាជន ក្នុង​គោលបំណង​បន្ធូរបន្ថយ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។

​លោក​ក៏បាន​លើកឡើង​ដែរ​ថា កងទ័ព​ក៏​នឹងត្រូវ​ត្រៀមខ្លួន ដើម្បី​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ដែរ​។​

​បារាំង​បាន​ចាត់វិធានការ​រួចរាល់​ហើយ ដូចជា​ការបិទ​ភោជនីយដ្ឋាន បារ និង​សាលារៀន​ជាដើម ប៉ុន្តែ​លោក Macron និយាយថា ត្រូវ​ចាត់វិធានការ​ថ្មីៗ​បន្ថែមទៀត ខណៈដែល​ចំនួន​អ្នក​ឆ្លង​វីរុស​បាន​កើនឡើង​ទ្វេដង ក្នុង​រយៈពេល​រៀងរាល់ ៣​ថ្ងៃ​ម្តង ចំណែក​អ្នកស្លាប់​ក៏មាន​ការកើនឡើង​។​

​ថ្លែង​នៅ​កាន់​ប្រជាជាតិ លោក Macron បាន​និយាយថា ចាប់​ពីថ្ងៃ​អង្គារ​ពេល​ថ្ងៃ​ទៅ ប្រជាជន​ទាំងអស់​គួរ​ស្នាក់​នៅផ្ទះ លើកលែងតែ​ទៅ​ទិញ​គ្រឿង​បរិភោគ ធ្វើដំណើរ​ទៅធ្វើ​ការ ហាត់ប្រាណ ឬ​ទៅ​ទិញ​ថ្នាំពេទ្យ​ជាដើម​។​

​លោក​លើកឡើងថា “​ពួកយើង​មិនមែន​ក្រោកឈរ​តទល់​នឹង​កងទ័ព ឬ​ប្រជាជាតិ​ណាមួយ​ឡើយ ប៉ុន្តែ​សត្រូវ​គឺ​នៅ​ទីនោះ​៖ មើលមិនឃើញ ពិបាក​យល់ ប៉ុន្តែ​វា​រីក​រាលដាល​”​។​

​លោក​ថ្លែងបន្តថា ត្រូវ​ចាត់វិធានការ​តឹង​ជាង​មុន ក្រោយពេល​ប្រជាជន​ជាច្រើន មិនបាន​អើពើ​នឹង​វិធានការ​ដំបូងៗ ហើយ​ពួកគេ​នៅតែ​ជុំគ្នា​នៅ​សួន និង​នៅតាម​ដងផ្លូវ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដែល​វា​គឺជា​ការប្រថុយប្រថាន​ចំពោះ​សុខភាព​ពួកគេ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្តាច់ជីវិត​មនុស្ស​ចំនួន ១៤៨​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៦.៦០០​នាក់ ក្នុងប្រទេស​បារាំង​៕


អត្ថបទដែលជាប់ទាក់ទង