ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា

133

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ អ្នកវិនិយោគ ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា និង​អ្នកវិនិយោគ ដែល​ទើប​មកជួប​សម្ដេច​នៅពេលនេះ សុំ​កុំ​ឲ្យ​មានការ​ភ័យ​បារម្ភ​អ្វី លើ​បញ្ហា​ដែល​កំពុងតែជួបប្រទះ​នេះ ព្រោះ​កម្ពុជា គឺ​កំពុង​តែមាន​វិធានការ​ទប់ស្កាត់​ហើយ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​តាកាហាស៊ី ហ្វ៊ូមី​អាគី​(Takahashi Fumiaki) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ ។​

​ក្នុងជំនួប​នោះ លោក តាកាហាស៊ី បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានអនុញ្ញាត​ឲ្យ​នាវា Westerdam បាន​ចូល​ចត​នៅ​ក្រុងព្រះសីហនុ កាលពីពេល​កន្លងទៅនេះ ដែល​នៅលើ​នាវា​នោះ ក៏មាន​ជនជាតិ​ជប៉ុន​ផងដែរ ហើយ​ជនជាតិ​ជប៉ុន​ទាំងនោះ ក៏បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ​ដោយ​សេចក្ដីសុខ​។​

​ជាមួយនេះ​លោក តាកាហាស៊ី បាន​ជម្រាបជូន​សម្ដេច​តេ​ជោ អំពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ នឹង​ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​ជប៉ុន រួមទាំង​ករណី​ជំងឺ​កូ​វីដ​១៩ នៅលើ​កប៉ាល់ Diamond princess ហើយ​លោក​ក៏បាន​ជម្រាបជូន​សម្ដេច​ផងដែរ​ថា ប្រតិភូ​ដែល​លោក​នាំមក​កម្ពុជា​ពេលនេះ គឺជា​ប្រតិភូ អ្នកវិនិយោគ ដែលមាន​ចំណាប់អារម្មណ៍ ហើយ​កំពុងតែធ្វើការ​យ៉ាង​មមាញឹក នៅក្នុង​ការវិនិយោគ​នៅក្នុង​កម្ពុជា ដែល​ទី​១ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ការប្រើប្រាស់ សារធាតុ​រកឃើញ​ថ្មី ដើម្បី​ធ្វើ​ផ្លូវថ្នល់ ដោយ​ចំណាយ​ថវិកា​តិច​, ទី​២ ការផលិត​សាប៊ូ ដែលជា​សាប៊ូ​សម្អាត​កាយ​, ទី​៣ គឺ​ការជំរុញ​ការវិនិយោគ ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ឱ្យមាន​ភាព​សកម្ម​ឡើង​ថែមទៀត​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​លោក តាកាហាស៊ី ដែល​
​បាន​ចែករំលែក​នូវ​ព័ត៌មាន ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩ ។ សម្ដេច​តេ​ជោ ក៏បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល អំពី​ស្ថានភាព​ជាទូទៅ​នៃ​ជំងឺ​កូ​វីត​១៩ ដែល​ទើបតែនឹង​កើតឡើង នៅ​កម្ពុជា​រយៈពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា បញ្ហា​ជំងឺ​ខូ​វីដ​១៩​នេះ គឺជា​បញ្ហា​ដែល​យើង​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចម្បង​នោះ គឺ​បញ្ហា​ជំងឺ​ភ័យខ្លាច ។ ក្នុង​នេះដែរ សម្ដេច​តេ​ជោ ក៏បាន​ជម្រាបជូន​ប្រតិភូ អំពី​វិធានការ​ទប់ស្កាត់​បញ្ហា ក្នុងករណី​ដែលមាន​ជំងឺ​កូ​វីដ​នេះ ដោយ​រយៈពេល​ខ្លី ៦​ខែ និង​រយៈពេល​វែង ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា បាន​មាន​ផែនការ​រួចជាស្រេច​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​នេះ ក្នុងករណី​ដែល​ជំងឺ​នេះ នៅមាន​ក្នុង​រយៈពេល​វែង​ឬក៏​ខ្លី នៅ​កម្ពុជា ឬ​នៅលើ​ពិភពលោក ៕​

អត្ថបទដែលជាប់ទាក់ទង