បិទ KTV និងរោងភាពយន្តទាំងអស់
ភ្នំពេញ៖ ខណៈពេលដែលអ្នកកើតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយនោះ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតបន្ទាន់មួយ ដោយបានស្នើរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការស្នើបិទKTV និង រោង ភាពយន្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ-១៩ បានធូរស្រាល យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សូមឲ្យបិទKTV និងរោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២០រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល។
ការប្រកាសឱ្យបិទខារ៉ាអូខេ និងរោងភាពយន្តនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន១២នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សរុបកើនដល់ ២៤នាក់ហើយ៕