ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃកំពុងពិចារណាក្នុងការផ្អាកមិនឲ្យចូលសួរសុខទុក្ខអ្នកទោស ក្នុងអំឡុង ពេលដែលមានការរីករាលដាលកូវីដ១៩នៅកម្ពុជា

64


ភ្នំពេញ៖ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងបាននឹងកំពុងពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្នការចូលសួរសុខទុក្ខអ្នកទោសនៅតាមពន្ធនាគារ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឹកូវីដ១៩ ដែលកម្ពុជាបានរកឃើញក្នុងពេលបច្ចុប្បន្ន ។
ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២០ នាទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា វិធានការដែលក្រសួងដាក់ចេញនេះគឺក្នុងគោលដៅដើម្បីការពារសុវត្ថិភាពកុំឲ្យឆ្លងទៅអ្នកកំពុងជាប់ឃុំដែលអាចនឹងបង្កបញ្ហាស្មុគ្រស្មាញច្រើន ។ តែទោះបីជាយ៉ាង ណាក៏ដោយវិធានការក្នុងការផ្អាកចូលសួរទុក្ខអ្នកទោសនេះក្រសួងនៅមិនទាន់ធ្វើការសម្រេចនៅឡើយនោះទេ ។
សម្តេច បន្តថា វិធានការនេះអាចនឹងផ្អាកមិនឲ្យមានអ្នកចូលទៅសួរសុខទុក្ខអ្នកជាប់ឃុំក្នុងរយៈពេល១៤ថ្ងៃ ក្នុងស្ថានភាពដែលមានជំងឺកូវីដ១៩នេះ ។ ដោយឡែកក្រសួងក៏កំពុងធ្វើការគិតគូផងដែរចំពោះអ្នកដែលប្រព្រឹត្តបទល្មើសថ្មីៗ ថាតើយើងត្រូវដោះស្រាយទុកដាក់ពួកគេយ៉ាងដូចម្តេចដើម្បីឲ្យមានសុវត្ថិភាពកុំឲ្យកើតកូវីដ១៩នេះ ។
សម្តេច បានបន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩នេះដែរ ក្រសួងបង្កើនការគ្រប់គ្រងច្រកទ្វារអន្តរជាតិតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស របស់កម្ពុជា ដោយសារតែកន្លងទៅជំងឺនេះបានចូលមកកម្ពុជាតាមច្រកព្រំដែន ជាពិសេសច្រកផ្លូវអាកាស និងផ្លូវទឹកជាដើម ។
ពាក់ព័ន្ធនឹងករណីនេះដែរ សម្តេចក្រឡាហោម បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសវៀតណាម និងពលរដ្ឋវៀតណាម ចូលមកប្រទេសកម្ពុជា ។
ចំណាត់ការនេះ គឺដោយសារការរកឃើញករណីឆ្លងវីរុសកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក និងខណៈពេលដែលរដ្ឋាភិបាលវៀតណាមបានដាក់កម្រិតលើការធ្វើដំណើរ ដោយតម្រូវឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរពីប្រទេសសមាជិកអាស៊ានរួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលប្រទេសផងនោះ ។
ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣៖៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមានគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ១៩ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង