ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញ និងដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) ជាង ៦៤លីត្រនៅឱសថស្ថានចំនួន២ទីតាំង ក្នុងខេត្តសៀមរាប

50

 

ខេត្តសៀមរាប ៖ អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៦៤,៥៣ លីត្រ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រកឃេីញ និងដកហូត។

ដោយទទួល បានការណែនាំពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងដោយសង្កេតឃេីញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាកុល និងជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពី ផល ប៉ះពាល់ ដល់អ្នកប្រើប្រាស់ ស្របពេល ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលេីពិភពលោក់កំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 នាថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ មន្រ្តីសាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តសៀមរាប ដោយ មានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានបើកយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុលនិង អង្កេតតម្លៃលក់ម៉ាស់ នៅតាមឱសថស្ថានចំនួន ៣ ទីតាំង ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញឱសថស្ថានចំនួន ០២ ទីតាំង ដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន៖ ៦៤,៥៣ លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកនៅសាខា ក.ប.ប ខេត្តសៀមរាប ដេីម្បីអនុវត្តនីតិវិធីបន្ត ។

ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដេីម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រេីប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕

អត្ថបទដែលជាប់ទាក់ទង