ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ​អនុក្រឹត្យ ស្តីពី​ការពិន័យ​អន្តរការណ៍ ​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

60

 

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែមីនា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការចូលរួម​ពី រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អគ្គលេខាធិការ សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មន្ត្រី​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​នានា​ជាច្រើនរូប​ផងដែរ​។​

​សូមជម្រាបថា អនុក្រឹត្យ​ថ្មី លេខ​៣៩ អនក្រ​.​បក ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ​នៅពេលនេះ គឺ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​ឲ្យ​អនុវត្ត​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ​។

​ជាងនេះទៀត អនុក្រឹត្យ​ថ្មី​នេះ បាន​កែប្រែ​នូវ​មាត្រា​មួយចំនួន ដូចជា​៖ មាត្រា​៦ មាត្រា​៧ មាត្រា​១០ មាត្រា​១១ មាត្រា​១២ មាត្រា​១៣ មាត្រា​១៤ និង​មាត្រា​១៥ នៅក្នុង​ជំពូក​ទី​៣ ពាក់ព័ន្ធ​បទល្មើស និង​ចំនួន​ទឹកប្រាក់​ត្រូវ​ពិន័យ នៃ​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​បទបញ្ជា​ចំនួន ៤​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក សំដៅ​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ ដោយ​សម្រេច​ប្រកាស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តី​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​។​

​សម្តេច​ក្រឡាហោម ស ខេង បានដាក់​ចេញ​នូវ​បទបញ្ជា ដូចខាងក្រោម ៖
​ទី​១៖​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា​យោគយល់​ចំពោះ​ការប្រកាន់យក​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង ចំពោះ​បទល្មើស​ចរាចរណ៍ ផ្លូវគោក ដើម្បី​ចៀសវាង​ពី​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់ គឺ​ត្រូវគោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ល្អ​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ដើម្បី​ភាពសុខដុមរមនា ក្នុង​ក្រុមគ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូ​របស់​ប្រទេសជាតិ​។​

​ទី​២៖​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ អង្គការ​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក និង​កម្រិត​នៃ​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ទៅនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ទូលំទូលាយ​និង​ជាប់​ជាប្រចាំ​។​

​ទី​៣៖​ដាក់ចេញ​នូវ​បទបញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទូទាំងប្រទេស​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ដាច់ខាត មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​និតិ​វិធី​ច្បាប់​នូវ​រាល់​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​តម្លាភាព ស្មើរ​ភាព និង​មិន​រើសអើង ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​គេចខ្លួន យកមក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យបាន​ជាដាច់ខាត​។​

​ទី​៤ ៖​ថ្នាក់ដឹកនាំ​នគរបាល​ចរាចរណ៍​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព និង​រៀបចំ​កម្លាំង ដើម្បី​តាមដាន ពិនិត្យ និង​គាំទ្រ​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ក្រោម​ឱវាទ​របស់ខ្លួន ដើម្បី​ធានា​អំពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ទាំងអស់ ព្រមទាំង​ត្រូវ​ពង្រឹង​អាកប្បកិរិយា សីលធម៌ វិន័យ ឱ្យ​ស័ក្តិ​សមជា​មន្ត្រី អនុវត្ត​ច្បាប់​ប្រកបដោយ​គុណធម៌ និង​មនសិកា​វិជ្ជាជីវៈ​។ ត្រូវ​ផ្តល់​រង្វាន់​តាម​ការកំណត់​របស់​រដ្ឋ​ជាមួយ​ការលើកសរសើរ​ចំពោះ​អង្គភាព និង​មន្ត្រី​មាន​ស្នាដៃ​និង​ត្រូវ​ដាក់វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​អសកម្ម​ឬ មន្ត្រី​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​ជាមួយគ្នា​នោះដែរ សម្តេច​ក្រឡាហោម ក៏​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ទូទាំងប្រទេស នឹង​បន្ត​យក​កម្លាំងកាយ ប្រាជ្ញា ស្មារតី​ខិតខំ​ប្រឹងប្រែង​ដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជា​អតិបរមា និង​ស្នើឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺង​មាត់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​កាន់តែ​ប្រសើរ​ជា​លំដាប់​៕

អត្ថបទដែលជាប់ទាក់ទង