ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី​នគរបាលអសកម្ម ឬ​មន្ត្រី​ទាំងឡាយណា ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ ​នឹងត្រូវដាក់វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់

52

 

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ដាក់បទបញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ទូទាំងប្រទេស ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​នីតិវិធី​ច្បាប់ ស្មើភាព និង​មិន​រើសអើង ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​គេចខ្លួន យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យបាន​ជាដាច់ខាត​។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្ដីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្ដីពី​ការពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា កម្លាំង​នគរបាល​ចរាចរណ៍ បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​សម្រួល​ការធ្វើ​ចរាចរណ៍ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅតែមាន​កំណើន​ជាង​ឆ្នាំ​២០១៨​គួរឱ្យ​ព្រួយបារម្ភ ។ យ៉ាងណាក៏ដោយ​កម្លាំង​នគរបាល​ចរាចរណ៍ ក៏បាន​ប្រឹងប្រែង​បំពេញភារកិច្ច​មិន​ខ្លាច​នឿយហត់ ហើយ​ភាព​អសកម្ម និង​ចំណុច​ខ្វះខាត​មួយចំនួន​ក៏​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការកែសម្រួល​អនុក្រឹត្យ ដើម្បី​រឹតបន្តឹង​ការផាកពិន័យ ចំពោះ​អ្នកប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្ល​វ​គោក វិធានការ ព្រមទាំង​ទិសដៅ​ការងារ​ដាក់ចេញ ជា​បន្តបន្ទាប់​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧ​នាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ។ ឯកឧត្តម​ក៏បាន​អំពាវនាវ​ឯកឧត្តម លោកជំទាវ​អភិបាល​រាជធានី​ខេត្ត ត្រូវ​ជំរុញ​ចលនា​អនុវត្ត​អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព និង​ផ្ដល់​ការលើកទឹកចិត្ត​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​មន្ត្រីនគរបាល​ចរាចរណ៍​។​

​បន្ទាប់ពី​អង្គពិធី​បាន​ស្ដាប់​ដោយ​យកចិត្តទុកដាក់​នូវ​ខ្លឹមសារ អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្ដីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្ដីពី​ការពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើស នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​ថា​ទន្ទឹមនឹង​ការព្រួយបារម្ភ​អំពី​ជំងឺ​កូ​វីដ​១៩ យើង​ក៏​មិនអាច​មើលរំលង​មហន្តរាយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បានដែរ ។​

​សម្ដេច​បាន​មានប្រសាសន៍ថា​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ ប្រជាពលរដ្ឋ​កាន់តែច្រើន​បាន​ប្រើប្រាស់ យានយន្ត​គ្រប់​ប្រភេទ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ខណៈ​រាជរដ្ឋាភិបាល ក៏បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​ពី​ការអនុវត្ត​ច្បាប់ និង​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​យ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បណ្ដាលឱ្យ​ពលរដ្ឋ​រងរបួស ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ និង​ឯកជន​ជាច្រើន ។​

​ជាក់ស្ដែង​បើ​ប្រៀ​ធៀប​នឹង​ឆ្នាំ​២០១៨ គឺ​នៅ​ឆ្នាំ​២០១៩​កន្លងទៅ សម្ដេច​បាន​មានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​៨៥៤​លើក ស្មើនឹង​២៦​ភាគរយ ក្នុងនោះ​មាន​អ្នកស្លាប់​២២០​នាក់ ស្មើនឹង​១២​ភាគរយ និង​អ្នករងរបួស​១៣៧១​នាក់ ស្មើនឹង​២៩​ភាគរយ​។ ដូច្នេះហើយ ឆ្លើយតប​នឹង​កំណើន​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​ប្រកាស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចាប់ពី​ឆ្នាំ​២០២០ ។ ដោយ​ផ្អែកលើ​ការសិក្សា​លើ​ឥរិយាបទ​នៃ​ការគោរព​ច្បាប់ និង​បទពិសោធន៍​ពី​ក្រៅប្រទេស រាជរដ្ឋាភិបាល​ក៏បាន​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ស្ដីពី​ការពិន័យ​អន្តរកាណ៍ ដោយ​បង្កើន​ប្រាក់​ពិន័យ​ពី​៣​ទៅ​៥​ដង ដើម្បី​ជំរុញ​ការគោរព និង​អនុវត្ត ។​

​សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មានការ​យល់យោគ​ចំពោះ​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង​នេះ ហើយ​ដើម្បី​ចៀស​ផុតពី​ការប្រឈមមុខ​នឹង​ច្បាប់ សូម​ប្រជាពលរដ្ឋ គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ អង្គការ​ជាតិ និង​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការផ្សព្វផ្សាយ​ច្បាប់ និង​កម្រិត​ទោសពិន័យ​អន្តរកាណ៍ នៃ​អំពើ​ល្មើស​នឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ទូលំទូលាយ​។​

​សម្ដេច បាន​ក៏​បញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ទូទាំងប្រទេស ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ តម្លាភាព ស្មើភាព និង​មិន​រើសអើង ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​គេចខ្លួន​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យបាន​ជាដាច់ខាត​។ សម្ដេច​ក៏​បញ្ជា​ថ្នាក់ដឹកនាំ​នគរបាល​ចរាចរណ៍​ទាំងអស់ រៀបចំ​ផែនការ​សកម្មភាព និង​រៀបចំ​កម្លាំង​តាមដាន ត្រួតពិនិត្យ និង​គាំទ្រ​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់ របស់​មន្ត្រីនគរបាល​ចរាចរណ៍ ក្រោម​ឱវាទ​ដើម្បី​ធានា​ភាព​ត្រឹ​ត្រូវ​។​

​ភាពត្រឹមត្រូវ​ដែល​សម្ដេច​សំដៅ​ដល់​ការប្រកាន់​ខ្ជាប់ នូវ​ការបន្ត​ពង្រឹង​ក្រមសីលធម៌ វិន័យ ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់ សក្ដិ​សមជា​មន្ត្រី​អនុវត្ត​ច្បាប់​ប្រកបដោយ​គុណធម៌ និង​មាន​មនសិការ​វិជ្ជាជីវៈ​។ ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​ក៏ត្រូវ​ផ្ដល់​រង្វាន់ តាម​ការកំណត់​របស់​រដ្ឋ និង​ការលើកសរសើរ​ចំពោះ​អង្គភាព និង​មន្ត្រី​មាន​ស្នាដៃ និង​ក៏​ត្រូវតែ​ដាក់វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រី​អសកម្ម ឬ​មន្ត្រី​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ ។​

​បន្ទាប់ពី​បានប្រកាស​ឱ្យ​អនុវត្ត​អនុក្រឹត្យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ចាប់ផ្ដើម រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ដល់​មន្ត្រីនគរបាល​ច​រាច​រណ៍ ដោយ​ត្រូវ​លៃលក​ទៅតាម​បរិបទ​ជំងឺ​កូ​វីដ ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ គ្រប់​រូបភាព រាប់ទាំង​ការ​តែង​បទ​ចម្រៀង​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​ជ្រួតជ្រាប អំពី​កម្រិត​ធ្ងន់ធ្ងរ​នៃ​ការផាកពិន័យ​ជា​ទឹកប្រាក់ ប្រសិនបើ​ពួកគាត់​បំពាន​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ សម្ដេច​មាន​សេចក្ដី​សង្ឃឹមថា ក្រោយ​អនុវត្ត​អនុក្រឹត្យ​កែសម្រួល​ថ្មី​នេះ ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​អំពី ការរីក​រាល​ជំងឺ​កូ​វីដ​១៩​នៅលើ​ពិភពលោក ដោយ​សម្ដេច បាន​គូសបញ្ជាក់​ពី​ការ​ហក់​ឡើង​ខ្លាំង នៃ​អត្រា​អ្នក​ឆ្លង ដែល​មកដល់ពេលនេះ មាន​ប្រមាណ​ជាជាង​៥០​ម៉ឺន​នាក់​ហើយ ក្នុងនោះ​អាមេរិក បាន​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើនជាងគេ​។ ពាក់ព័ន្ធ​នឹង​ការប្រកាស​ដាក់​ប្រទេស ក្នុង​គ្រាអាសន្ន សម្ដេច​បាន​មានប្រសាសន៍ អំពី​លទ្ធភាព​ដែល​ប្រទេស​នីមួយៗ អាចដាក់​ក្នុង​កម្រិតធ្ងន់ និង​កម្រិត​ស្រាល ហើយ​សម្រាប់​កម្ពុជា គឺ​កំពុងស្ថិត​ក្នុងការ​ពិចារណា​នៅឡើយ ។​

​សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​ណែនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវ​វាយតម្លៃ​សភាពការណ៍ និង​ដាក់ចេញ​វិធានការ​ត្រៀម ទប់ស្កាត់​ជាមុន នូវ​លទ្ធភាព​ដែល​អាចមាន​ក្រុម​ក្មេង​ទំនើង ឬ​ជន​ខិល​ខិត​ខូច​បង្ក​ការអុកឡុក​ក្នុងសង្គម ប្រសិនបើ​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​មានការ​វិវត្តន៍ ក្នុងស្ថានភាព​ណាមួយ ។ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ថៃ ដែល​បានដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ពី​ថៃ​វិល​ចូល​ប្រទេស​វិញ​នោះ សម្ដេច​ក្រឡាហោម ស ខេង បានបង្ហាញ​ការកត់សម្គាល់ និង​បាន​ណែនាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ទី​តើ​ពួកគាត់​ទាំងអស់ សុទ្ធ​តែមាន​សុខភាព​ល្អ ឬ​យ៉ាងណា​? ចំណុច​នេះ សម្ដេច​បាន​គូសបញ្ជាក់ថា ការតាមដាន​ក្ដាប់​ឱ្យ​ជាប់​នូវ​វត្តមាន​របស់​ពួកគាត់ និង​ស្ថានភាព​សុខភាព​ពួកគាត់ គឺជា​រឿង​សំខាន់បំផុត ដ្បិត​បើតាម​វៀតណាម បាន​ចែករំលែក​បទពិសោធន៍​មក​នោះ គឺមាន​ពលរដ្ឋ​វៀតណាម​ម្នាក់ ដែល​វិលត្រឡប់​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន បាន​ចម្លង​មនុស្ស​ដល់​ទៅ​៥​នាក់​ឯណោះ​ក្នុង​ភូមិកំណើត ទើប​ធ្វើឱ្យ​អាជ្ញាធរ​វៀតណាម​សម្រេច​បិទ​ភូមិ​ដើម្បី​ត្រួតពិនិត្យ និង​តាមដាន ។​

​សម្ដេច​ក្រឡា​ហោ​បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​ជាប់​ព្រំដែន កម្ពុជា ថៃ ត្រូវ​បន្ត​តាមដាន​យកចិត្តទុកដាក់ ចំពោះ​លំហូរ​នៃ​ការវិលត្រឡប់ ចូល​ប្រទេស​របស់​ពលរដ្ឋ ដោយ​ត្រូវ​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​កំណត់​ច្រកទ្វារព្រំដែន​ជាក់លាក់ សម្រាប់​ការវិល​ចូល​ប្រទេស របស់​ពលរដ្ឋ​យើង ហើយ​ជាមួយគ្នានេះ ក៏ត្រូវ​ត្រៀម​សម្រាប់​លទ្ធភាព ដែល​អាចមាន​ពលរដ្ឋ​ខ្លះ ងាក​ទៅ​ឆ្លងកាត់​តាម​បណ្ដា​ច្រករបៀង​នានា ដោយ​ត្រូវ​កំណត់​អត្តសញ្ញាណ និង​ពិនិត្យ​សុខភាព​ពួកគាត់ ឱ្យ​អស់ពី​លទ្ធភាព មុនពេល​ពួកគាត់​បន្តដំណើរ​ទៅ​ស្រុកកំណើត​។​

​សម្រាប់​ការ​ទៅដល់​ស្រុកកំណើត របស់​ប្រជាពលរដ្ឋ​មកពី​ប្រទេស​ថៃ សម្ដេច បាន​ណែនាំ​អភិបាល​រាជធានី ខេត្ត ទាំងអស់ ត្រូវ​រៀបចំ​តារាង​កត់ត្រា អំពី​សវ​តា​នៃ​ការធ្វើដំណើរ និង​សុខភាព របស់​ពលរដ្ឋ​ដែល​បាន​ទៅដល់​មូលដ្ឋាន ហើយ​ត្រូវ​រៀបចំ​ការចុះ​អប់រំ​ផ្សព្វផ្សាយ ដល់​ពួកគាត់​ឱ្យ​បានដឹង​ច្បាស់ អំពី​វិធាន​ការដាក់ នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោម​ការសង្កេត តាមដាន​សុខភាព ហ្មត់ចត់​បំផុត ពិសេស​គ្រោះថ្នាក់​នៃ​ការឆ្លង​ជំងឺ​នេះ ដល់​ក្រុមគ្រួសារ និង​សាច់ញាតិ ប្រសិនបើ​ពួកគាត់​មិន​គោរព តាម​វិធាន​ណែនាំ​របស់​អាជ្ញាធរ និង​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង