ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកជំរុញឲ្យមន្ត្រី មានសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូរ៉ូណា១៩ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា

105
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន បានជំរុញឲ្យមន្ត្រីមានសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ វីរុសកូរ៉ូណា១៩ (COVID-19)  ខណៈជំងឺនេះបាននឹងកំពុងរាតត្បាតនៅលើសកលលោកដូចជានៅនៅក្នុងប្រទេសកម្ពុជាផងដែរនោះ។
  ការលើកឡើងនិងជំរុញបែបនេះរបស់លោកអភិបាលខណ្ឌទួលគោកបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណ្ណត្តិទី៣ របស់ក្រុមប្រឺក្សាខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី ២៧ ខែ មិនា ឆ្នាំ២០២០នៅសាលាខណ្ឌទួលគោក។
  លោកឯក ឃុនដឿន បានបញ្ជាក់ថា ជុំវិញការបង្ការនិងទប់ស្កាត់នូវការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នេះ ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋបាលខណ្ឌក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានរួមសហការគ្នាយ៉ាងល្អក្នុងការ បង្ការនិងទប់ស្កាត់មិនឲ្យមានការរីករាលដាលនៃជំងឺនេះ។
   លោកឯក ឃុនដឿន ក៏បានជំរុញឲ្យមានការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យចេះការពារខ្លួនជាមួយនឹងការរស់នៅស្អាត បរិស្ថានល្អ លាងដៃជាមួយអាកុលឬសាប៊ូជាមួយទឹកស្អាត ពោលគឺអនុវត្តអោយបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
   លោកអភិបាលខណ្ឌក៏បានជំរុញអោយមានការគ្រប់គ្រងទៅលើពលករចំណាកស្រុក មកពីក្រៅប្រទេសដែលមកស្នាក់នៅក្នុងមូលដ្ឋាន ខណៈដែលនៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានពលករ បម្រើការនៅក្រៅប្រទេស មានពី៧០០ទៅ ៨០០នាក់ ប៉ុន្តែមកដល់ពេលនេះ យើងទើបតែទទួលបានប្រមាណ៣០ទៅ៤០នាក់ប៉ុណ្ណោះ ។ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណារយើងអាចបង្ការនិងទប់ស្កាត់បាននូវជំងឺកូវីដ១៩នេះ។
  លោកបញ្ជាក់ថា ជំងឺកូវីដ១៩ គឺជាជំងឺដែលកាចសាហាវមួយដែលបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចហើយទន្ទឹមនោះក៏យើងមិនត្រូវព្រងើយកន្តើយចំពោះការងារសន្តិសុខដែរ។ យើងត្រូវខិតខំធ្វើយ៉ាងណារក្សាឲ្យបានសន្តិសុខល្អ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ  កុំឲ្យប្រជាពលរដ្ឋភ័យខ្លាចនឹងជំងឺកូវីដ១៩នេះហើយ ត្រូវប្រឈមមុខនឹងការភ័យខ្លាចរឿង សន្តិសុខសុវត្ថិភាពថែមទៀតនោះ៕
អត្ថបទដែលជាប់ទាក់ទង