ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ យុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ២១ ថ្ងៃ បញ្ចប់ ដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

217

ភ្នំពេញ៖ យុទ្ធនាការឃោសនាបោះឆ្នោត បានធ្វើឡើង ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងរយៈពេល ២១ ថ្ងៃនេះ គណបក្សនយោបាយ ទាំង ២០ បានធ្វើសកម្មភាពឃោសនា នៅតាមមណ្ឌលរាជធានីខេត្តទាំង ២៥ នៅទូទាំងប្រទេស ដូចជា ជួបប្រជុំ ចាក់មេក្រូ បញ្ចាំងវិដេអូ ចែកខិត្តប័ណ្ណ និងហែក្បួនឃោសនាតាមផ្លូវ ជាដើម។

សម្រាប់ដំណាក់កាលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន ៣០ បណ្តឹង ក្នុងនោះ បណ្តឹងនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត មានចំនួន ២៩ បណ្តឹង និងបណ្តឹងនៅគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត ចំនួន ១ បណ្តឹង។ បណ្តឹងទាំងនោះ ពាក់ព័ន្ធនឹងការរាំងការឃោសនា និងគណបក្សឃោសនាបោះឆ្នោតខុសទីតាំង ឬក៏មិនបានជូនដំណឹងដល់អាជ្ញាធរសមត្ថកិច្ច ជាដើម។
ក្នុងចំណោមពាក្យបណ្តឹង ២៩ បណ្តឹង នៅគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ប្តឹងចំនួន ៨ បណ្តឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្តឹងចំនួន ១៤ បណ្តឹង អាជ្ញាធរ ៦ បណ្តឹង និងប្រជាពលរដ្ឋ ប្តឹងចំនួន ១បណ្តឹង។
ជារួម គ.ជ.ប បានប្រកាសថា បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅរយៈពេល ២១ ថ្ងៃនេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅ ដោយរលូន គ្មានអំពើហិង្សា នៅក្របខណ្ឌទូទាំងប្រទេស។
ជាក់ស្តែង កាលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី០៧ ខែកក្កដា មានការជួបជុំទ្រង់ទ្រាយធំដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួម ព្រមទាំងហែក្បួនឃោសនា តាមមណ្ឌលបោះឆ្នោតរាជធានីខេត្ត ពិសេសនៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា បានឃោសនាបោះឆ្នោតទ្រង់ទ្រាយធំជាងគេ។
នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី២៧ ខែកក្កដា គណបក្សនយោបាយជាច្រើន បានជួបជុំ ហែក្បួនឃោសនា នៅក្របខណ្ឌទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ។ នៅភ្នំពេញ សមាជិកគណបក្សជាង ៣០ម៉ឺននាក់ បានជួបប្រជុំ និងចេញហែក្បួនឃោសនា នៅថ្ងៃបិទយុទ្ធនាការ ក្នុងនោះ គ្រាន់តែគណបក្សប្រជាជនកម្ពុជា មានអ្នកចូលរួមជាង ២៥ ម៉ឺននាក់។
គណបក្សនយោបាយចូលរួមឃោសនបោះឆ្នោតដល់ទៅ ២០ គណបក្ស ហើយមានសមាជិកសកម្មជនចូលរួមឃោសនាបោះឆ្នោតនេះដល់ទៅរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ ប៉ុន្តែការឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗ បានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
យុទ្ធនាការឃោសនាបោះឆ្នោត ដែលបានបិទបញ្ចប់ដោយសុខសុវត្ថិភាពនេះ អាចមានកត្តាសំខាន់ៗ មួយចំនួន រួមមាន៖ ភាពចាស់ទុំខាងនយោបាយរបស់គណបក្ស ក៏ដូចជាសកម្មជន ការប្រកាន់យកវិធីឃោសនាដូចអ្នកផ្សាយពាណិជ្ជកម្ម គឺឃោសនាតែពីខ្លួនឯង ដោយមិននិយាយពីគេ កិច្ចសហការរវាងគណបក្សនយោបាយសកម្មជន និងអាជ្ញាធរសមត្ថកិច្ច ពិសេសអាជ្ញាធរសមត្ថកិច្ច មានសមត្ថភាពក្នុងការរៀបចំសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដោយក្តាប់បាននូវសភាពការណ៍ល្អប្រសើរ បញ្ចៀសនូវការប្រឈមមុខដាក់គ្នារវាងគណបក្សនយោបាយ។
សរុបមក យុទ្ធនាការឃោសនាបោះឆ្នោត បានបញ្ចប់ដោយជោគជ័យនាពេលនេះ គឺជាជោគជ័យ មិនត្រឹមតែគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតទេ តែក៏ជាជោគជ័យរបស់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាជោគជ័យទាំងគ.ជ.បគ្រប់លំដាប់ថ្នាក់ ពិសេសជាជោគជ័យរបស់ខ្មែរជារួម ព្រោះថា ការរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំប្រទេសនេះ ក្នុងបំណងតែមួយគត់ គឺដើម្បីប្រជាជនខ្មែរ និងដើម្បីឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍឲ្យរឹងរឹតតែរីកចម្រើន ជីវភាពប្រជាជន កាន់តែរីកចម្រើន សម្បូរសប្បាយដូចអរិយប្រទេសនានាលើពិភពលោក៕
ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង