ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ប្រកប​អាជីវកម្ម នៅ​ឃុំ​ព្រះ​ដាក់ បាន​ត្អូញត្អែ​ថា ផ្លែ​គុយ​ឆ្នាំនេះ​សម្បូរ​ជាង​ឆ្នាំមុន ប៉ុន្តែ​លក់​មិន សូវ​ដាច់​ដោយសារតែ​កូ​វីដ​-១៩

179

 

ភ្នំពេញ​៖ អ្នកស្រី យឿន ចុ​ម ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រះ​ដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប បានឱ្យ ដឹង​នៅ​ថ្ងៃទី​០១ មេសា នេះ​ថា អ្នកស្រី​តែងតែ​លក់​ផ្លែឈើ​ធម្មជាតិ​គ្រប់ រដូវ​កាល​នៅតាម ដងផ្លូវ ឆ្ពោះ ទៅកាន់​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ និង​ទៅកាន់​ស្រុក បន្ទា​ស្រី ត្រង់ចំណុច​ជិត​ស្រះ​សង់​។
ដោយ​ផ្លែឈើ​ដែល​អ្នកស្រី​យកមក​លក់​នៅទីនេះ គឺមាន​ទៅតាម រដូវ​កាល​ផងដែរ ដូចជា នៅ​រដូវប្រាំង នេះ មាន​ផ្លែ​គុយ ផ្លែ​សេ​មាន់ ផ្លែ​ត្នោត រួមជាមួយ​ផ្លែឈើ​ផ្សេងៗ​ទៀត​។​
អ្នកស្រី​បាន​បន្តថា ផ្លែ​គុយ និង​ផ្លែ​សេ​មាន់ ដែល​អ្នកស្រី​យកមក​លក់​នេះ មាន មួយចំនួន​បេះ​នៅក្នុង​ព្រៃ​ក្នុង​រមណីយដ្ឋាន​អង្គរ និង មួយចំនួនទៀត​យកមក​ពី​ភ្នំ​គូលែន ហើយ​សម្រាប់​ឆ្នាំនេះ​ឃើញថា ផ្លែ​គុយ គឺ​សម្បូរ​ជាង​ឆ្នាំមុន ប៉ុន្តែ​ការលក់ដូរ​មិនសូវ​ដាច់ ដោយសារតែ​បណ្តាលមកពី​មេរោគ​ឆ្លង​កូ​វីដ​-១៩ ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប មានការ​ថយចុះ ។ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ ក៏​មិនសូវមាន​ចេញ​ធ្វើដំណើរ​ខាងក្រៅ​ដែរ ដោយ សារ​តែមាន​ការភ័យខ្លាច​ចំពោះ​ជំងឺឆ្លង​នេះ​។
ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រី យឿន ចុ​ម អះអាងថា ការលក់​ផ្លែ​គុយ សេ​មាន់ ផ្លែ​ត្នោត រួមជាមួយ​ផ្លែឈើ​ផ្សេងៗ​ទៀត នៅតែ​អាច​ទទួលបាន​ប្រាក់ចំណូល​តិចតួច​សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។ សូម​បញ្ជាក់ដែរថា ពេល​យើង​ធ្វើដំណើរ​ទៅកាន់​តំបន់​រមណីយដ្ឋាន​អង្គរ យើង​តែងតែ​ស​ង្គេ​ត​ឃើញ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដាក់លក់​ផលិតផល​ធម្មជាតិ​ដែលមាន​នៅក្នុង​តំបន់​នេះ​ទៅតាម​រដូវ​កាល ដូចជា នៅ​រដូវរ​ស្សា មាន​ផ្សិតព្រៃ និង​បន្លែ​ជា​ត្រួយ​រុក្ខា​ជាតិ​ដែល​ដុះ​នៅក្នុង​ព្រៃ​ក្នុង​តំបន់​អង្គរ រួមជាមួយ​ផ្លែឈើ​ផ្សេងៗ​ទៀត នៅ​រដូវប្រាំង​នេះ​ឃើញ​មាន​លក់​ផ្លែ​គុយ ផ្លែ​សេ​មាន់ ផ្លែ​ត្នោត រួមជាមួយ​ផ្លែឈើ​ផ្សេងៗ​ទៀត ដែល​មុខរបរ​ទាំងនេះ​បាន​ជួយ​ធ្វើឱ្យ​ជីវភាព​របស់​ពួកគាត់​មាន​ភាពល្អប្រសើរ ដោយសារ​តែមាន​ភ្ញៀវទេសចរ​ទិញ​ច្រើន​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ដោយ សារ​តែ​មេរោគ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​មុខ របរ របស់​ពួកគាត់​ដោយសារតែ​គ្មាន​ភ្ញៀវទេសចរ ៕ ដោយ​៖ សំរិត​

អត្ថបទដែលជាប់ទាក់ទង