ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រក្សាស្បៀង ឲ្យបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុង ប្រឈម នឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ដោយសារជំងឺឆ្លងកូវីដ-១៩

53

 

ព្រៃវែង៖ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ថា ទោះជាប្រទេសយើងកំពុង ស្ថិតក្នុងស្ថានភាពប្រឈម នឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ដោយសារជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែផលិតផលកសិកម្មយើង អាចធានាបាននូវសន្តិសុខស្បៀង បានគ្រប់គ្រាន់ទាំងអង្ករ ត្រី សាច់ និងបន្លែ សម្រាប់រយ:ពេលយូរអង្វែង។

នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន
មកបំពេញបេសកកម្មនៅក្នុងខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផល នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយក៏ឆ្លៀតយកឱកាសនេះចុះមកពិនិត្យសកម្ម ភាពភ្ញាស់កូនត្រី និងចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានមកពិនិត្យកសិដ្ឋានភ្ញាស់កូនត្រីប្រារបស់ Dr. Hara Hiro (ជនជាតិជប៉ុន អតីតជំនាញការរបស់អង្គការ JICA) លើផ្ទៃដីជា ១ហិកតា នៅភូមិស្កូវ ឃុំពាមរក៍។ Dr. Hara បានឱ្យដឹងថា កសិដ្ឋានបានដំណើរការមកជាង ១០ឆ្នាំហើយ ដើរតួនាទីជាកន្លែងភ្ញាស់កូនត្រីប្រា សម្រាប់ផ្គត់ផ្អង់ ឱ្យបងប្អូនអ្នកចិញ្ចឹមត្រីនៅទូទាំងខេត្ត។ ជាមធ្យមក្នុង ១ឆ្នាំផលិតកូនត្រីប្រាបានជាង ២លានកូន ហើយបរិមាណនេះ នឹងមានការកើនឡើង យោងទៅលើសេចក្តីត្រូវការកូនត្រីប្រា របស់អតិថិជន ជា ពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារកសិករ ងាកមកចាប់យករបរចិញ្ចឹមត្រីនេះ ចេះតែមានការកើនឡើង។

ចេញពីឃុំពាមរក៍ ឯកឧត្តម និងសហការី បានបន្តដំណើរមកពិនិត្យកន្លែងចិញ្ចឹមត្រីរបស់លោក ជា ទឺ នៅភូមិពន្លៃ ឃុំបាបោង ដែលកំពុងចិញ្ចឹមត្រីពោ និងត្រីប្រា លើផ្ទៃដីជាង ៥ហិកតា មានស្រះចិញ្ចឹមត្រីទាំងពីរប្រភេទនេះចំនួន ៨ស្រះ។ ជាមធ្យមក្នុង ១ឆ្នាំគាត់ប្រមូលផលត្រីបានពី ៨០-១០០តោន ដោយលក់ចេញត្រីពោ ៨ពាន់រៀលក្នុងមួយគីឡូក្រាម និងត្រីប្រា ៥ពាន់រៀលក្នុងមួយគីឡូក្រាម ហើយក្នុង ១ឆ្នាំអាចរកចំណូលបានពី ២-៣ម៉ឺនដុល្លារ។

ចេញពីឃុំបាបោង មកឃុំពាមរក៍ ភូមិបាទី ឯកឧត្តម បានបន្តដំណើរមកកសិដ្ឋាន គង់ ប៉ា ភ្ញាស់កូនត្រីអណ្តែង និងត្រីប្រា។ លោកពូ គង់ ប៉ា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្នុង១ឆ្នាំ កសិដ្ឋាននេះអាចផលិតកូនត្រីទាំងពីរប្រភេទនេះបានចំនួនពី ៨-១០លានកូន លក់ចែកចាយជូនបងប្អូនអ្នកចិញ្ចឹមក្នុងតម្លៃ ១៥ពាន់រៀលក្នុងមួយគីឡូក្រាម។ លោកបន្តទៀតថា ទាំងបរិមាណកូនភ្ញាស់ និងតម្លៃគឺប្រែប្រួលទៅតាមសេចក្តីត្រូវការរបស់អតិថិជន តែទោះជាយ៉ាងណាសេចក្តីត្រូវការកូនត្រីមានការ កើនឡើងជាបន្តបន្ទាប់។

ចូលដល់កម្មវិធីធំសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចូលមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ នាឱកាសនេះ លោកប្រធានវិទ្យាស្ថាន បានជម្រាបជូនឯកឧត្តមជ្រាប អំពីការងាររដ្ឋបាល សកម្មភាពភ្ញាស់កូនត្រីគ្រប់ ប្រភេទ និងបង្កង គម្រោងអភិវឌ្ឍមជ្ឈមណ្ឌល នាពេលអនាគត ធ្វើយ៉ាងណាពង្រីកសក្តានុពលផលិតកូនត្រី ឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ និងបន្តពង្រីកការងារផ្សព្វផ្សាយបច្ចេកទេស វារីវប្បកម្មទំនើប ទាន់សម័យ ទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូនដល់អ្នកចិញ្ចឹម។ លោកបានបន្តថា មជ្ឈមណ្ឌលនេះ មានផ្ទៃដីជាង ១៣ហិកតា ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍។ មជ្ឈមណ្ឌលមានភារកិច្ច ៣សំខាន់ គឺទី១. បន្សុទ្ធ បង្កាត់ពូជ និងអភិរក្សពូជត្រីទឹកសាប ដែលជិតផុតពូជ ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេស ដល់ប្រជាកសិករ។
បច្ចុប្បន្នកំពុងធ្វើការសិក្សាស្រាវជ្រាវ បង្កាត់ពូជត្រី ដោយចែកចេញជាត្រីផលិតកម្ម មានដូចជាត្រីកាប ឆ្ពិន ក្រហែ កាបស កាបក្បាលធំ ទីឡាព្យា។

បន្ទាប់ពីបានចុះពិនិត្យវិទ្យាស្ថានរួច ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ នចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែលបានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មជ្ឈមណ្ឌល ឲ្យមានការរីកចម្រើន ស្របតាមការអភិវឌ្ឍវារីវប្បកម្ម នាពេលបច្ចុប្បន្ន។ មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី ឯកឧត្តម សុំឲ្យមជ្ឈមណ្ឌល គិតគូពីការធ្វើពាណិជ្ជកម្ម គឺមានន័យថាបង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្ម ដើម្បីបង្កើតប្រភពចំណូល យកមកបំពេញបន្ថែម នូវតម្រូវការរបស់មជ្ឈមណ្ឌល ធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌល មានការវិវឌ្ឍន៍ដោយចីរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កម្រិតជីវភាពរបស់មន្រ្តីឲ្យបានល្អប្រសើរ។ គួរស្វែងរកដៃគូជាមួយក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រី ដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រី។ ត្រូវលើកកម្ពស់សមត្ថភាព មន្ទីរពិសោធន៍ និងបង្កើនការងារស្រាវជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រីដែលជិតផុតពូជ និងរួមគ្នាថែរក្សាមជ្ឈមណ្ឌលទាំងមូល ឲ្យបានគង់វង្ស ទុកជាប្រយោជន៍ សម្រាប់បម្រើការងារស្រាវជ្រាវវិស័យជលផល។ ខិតខំស្វែងរកដៃគូ មកជួយទាំងថវិកា និងការងារបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេសស្រាវជ្រាវ ឲ្យបានសមស្របតាមស្តង់ដារក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ឈានទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិត ផលត្រីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។

នាឱកាសនេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ជាមធ្យមនៅទូទាំងខេត្តព្រៃវែង ទទួលបានផលពីវារីវប្បកម្មពី១២-១៤ពាន់តោនក្នុង១ឆ្នាំ។ បរិមាណនេះ អាចផ្គត់ផ្គង់ឱ្យទីផ្សារក្នុងខេត្តបាន និងនាំចេញមកកាន់រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់។
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ ចំពោះលទ្ធផលនេះ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ ក៏ដូចជាមន្រ្តីជំនាញ និងជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលជលផល ដែលបានខិតខំយកអស់កម្លាំងកាយចិត្តអភិវឌ្ឍអនុវិស័យនេះ ឱ្យមានការរីកចម្រើន ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយ ការចាប់ពីប្រភពធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង