ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ធនាគារពិភពលោក អនុម័ត​ឥណទាន ២០​លាន​ដុល្លារ សម្រាប់​កម្ពុជា  ឆ្លើយតប​ជាបន្ទាន់ ទៅនឹង​ជំងឺ​កូ​វីដ​-១៩

7

​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក បានអនុម័ត​លើ​ឥណទាន​ទឹកប្រាក់ ២០​លាន​ដុល្លារ​អាមេរិក របស់​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​គម្រោង​ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា ដែល​ឥណទាន​នេះ ជា​លើកដំបូង​ហើយ នៅក្នុង​កញ្ចប់​ថវិកា​ប្រតិបត្តិការ សម្រាប់​ជួយ​ក្នុង​សភាព​ការ​បន្ទាន់ តាមរយៈ​យន្តការ​សេវា​រហ័ស ក្នុងពេល​មានការ​រាលដាល​កូ​វីដ​-១៩​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖ “​ហិរញ្ញប្បទាន​តាមរយៈ​យន្តការ​សេវា​រហ័ស​នេះ នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​បន្ទាន់ ផ្នែក​សុខាភិបាល ទូទាំង​សាកលលោក ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ហិរញ្ញប្បទាន​នេះ គឺ​សម្រាប់​កម្ពុជា យកទៅ​ប្រើ​ដើម្បី​ជាវ​ការផ្គត់ផ្គង់​គ្រឿង​បរិក្ខារ និង​ឧបករណ៍​សម្ភារ​ពេទ្យ​ចាំបាច់​នានា ដើម្បី​យកមក​ធ្វើតេស្ត​រក​រោគសញ្ញា និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩, កាត់បន្ថយ​ការ​រាលដាល​ឆ្លង​របស់​មេរោគ​, ពង្រឹងសមត្ថភាព​ឆ្លើយតប​ទៅនឹង​ការ​រាលដាល​មេរោគ​, និង​ជួយ​ធ្វើយ៉ាងណា​ឱ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ​និង​សេដ្ឋកិច្ច​ឆាប់​បាន​ងើប​ឡើងវិញ​”​។

​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យសម្រេចបាន​តាម​គោលដៅ​ដែល​បាន​ដាក់ចេញ​នៅក្នុង​ផែនការមេ​កូ​វីដ​-១៩ របស់ខ្លួន ក្នុងនោះ​រួមមាន ការពង្រឹង​សកម្មភាព​ទប់ស្កាត់​ជំងឺ​, ការរកឃើញ​ជំងឺ​ឱ្យបាន​រហ័ស​, ការត្រៀម​លក្ខណៈ និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​។

​គម្រោង​នេះ​នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការសាងសង់​មណ្ឌល​ដាក់​អ្នកជំងឺ​ឱ្យនៅ​ដាច់ដោយឡែក និង​ព្យាបាល​អ្នកជំងឺ ហើយ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​វិភាគ​រោគសញ្ញា​នៅតាម​មន្ទីរពិសោធន៍​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក នៅ​ទូទាំង​២៥​ខេត្ត​-​ក្រុង​។ លើសពីនេះ គម្រោង​ក៏​នឹង​ជួយ​ទៅលើ​ការចំណាយ​ក្នុងការ​ជាវ​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យ ដែល​ចាំបាច់​សម្រាប់​យកមក​ព្យាបាល​អ្នកជំងឺ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ការឆ្លង​មេរោគ​។ ជាមួយគ្នានេះ គម្រោង​នឹង​ជួយ​ផងដែរ​ដល់​វិធានការ​ដាក់ពង្រាយ ឱ្យបាន​រហ័ស​នូវ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ របស់​ក្រសួងសុខាភិបាល នៅ​ទូទាំងប្រទេស តាមរយៈ​ការជួល​និង​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​បុគ្គលិក​បន្ថែម​, ពង្រឹងសមត្ថភាព​រប​ស់​មណ្ឌល​ប្រតិបត្តិការ​បន្ទាន់ នៃ​សេវា​សុខាភិបាល​សាធារណៈ ដែល​សម្រប​សម្រួលការ​ងារ​ជាមួយ​កិច្ចខិតខំ​ត្រៀម លក្ខណៈ​និង​ឆ្លើយតប​ជំងឺ​កូ​វីដ​-១៩​ទូទាំងប្រទេស និង​បង្កើត​មណ្ឌល​ប្រតិបត្តិការ​បន្ទាន់​នៅ​កម្រិត​ខេត្ត ទៀត​។

​គម្រោង​ឆ្លើយ​បត​បន្ទាន់​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​នេះ បំពេញបន្ថែម​ដល់​ការងារ​អភិវឌ្ឍន៍​វែងឆ្ងាយ​មួយ ដែល​ធនាគារពិភពលោក កំពុង​ជួយ​ជ្រោមជ្រែង នៅក្នុង​វិស័យ​សុខាភិបាល ក្នុងនោះ​មាន គម្រោង​លើកកម្ពស់​សមធម៌ និង​គុណភាព​សុខាភិបាល (H-EQIP) ដែល​សំដៅ​បង្កើន​លទ្ធភាព​របស់​ព​ល​រដ្ឋ​ក្រីក្រ​ជាងគេ នៅ​កម្ពុជា​ឱ្យទទួល​បាន​សេវា សុខាភិបាល​មានគុណ​ភាព​។ កាលពី​សប្តាហ៍​កន្លងទៅ ថវិកា ១៤​លាន​ដុល្លារ​អាមេរិក របស់​គម្រោង H-EQIP នេះ ត្រូវបាន​ផ្តល់​តាមរយៈ សមាសភាគ​បម្រុង​សម្រាប់​ការឆ្លើយតប​បន្ទាន់ (CERC) នៅក្នុង​គម្រោង សម្រាប់​យកទៅ​ប្រើ​ក្នុង​ការទិញ​រថយន្ត​សង្គ្រោះ និង​គ្រឿង​បរិក្ខារ​ពេទ្យ និង​ដើម្បី​រៀបចំ​មន្ទីរពិសោធន៍​ជាតិ ឱ្យមាន​សមត្ថភាព​ឆ្លើយតប​បាន​រហ័ស ទៅនឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សមាសភាគ CERC នៅក្នុង​គម្រោង អនុញ្ញាតឱ្យ​បង្វែរ​មូលនិធិ​ពី​ផ្នែក​នានា​នៃ​គម្រោង H-EQIP នេះ ដើម្បី​យកទៅ​បំពេញ​ភាពចាំបាច់​សម្រាប់ ធ្វើការ​ឆ្លើយតប​ជាបន្ទាន់ ដែល​អាច​កើតមានឡើង​។

​ការឆ្លើយតប​កូ​វីដ​-១៩​នៃ​ក្រុម​ធនាគារពិភពលោក ៖

​ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​នេះ ធនាគារពិភពលោក កំពុងតែ​អនុវត្ត​កម្មវិធី​កញ្ចប់​ហិរញ្ញវត្ថុ​ចំនួន ១៤​ប៊ី​លាន​ដុល្លារ​អាមេរិក តាម​យន្តការ​បញ្ចេញ​រហ័ស​ស​ម្រា​ប់​ពង្រឹង​ការឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​របស់​កូ​វី​ឌ​-១៩ នៅតាម​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ជួយ​ធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​ឆាប់​ស្តារ​ងើបឡើង​វិញ​។ វិធានការ​ឆ្លើយតប​ភ្លាមៗ​រួមមាន ជំនួយ​ហិរញ្ញវត្ថុ​, ការផ្តល់​ប្រឹក្សា​គោលនយោបាយ និង​ជំនួយ​បច្ចេកទេស ដល់​បណ្តា​ប្រទេស​ឱ្យមាន​លទ្ធភាព​លៃលក​ជាមួយ ផល​ប៉ះទង្គិច​របស់​ការ​រា​ត្បា​ត​នេះ ទៅលើ​សេដ្ឋកិច្ច និង​សុខាភិបាល​។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) កំពុងផ្តល់​ហិរញ្ញប្បទាន​ចំនួន ៨​ប៊ី​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​បណ្តា​ក្រុមហ៊ុន ដែល​រង​ការប៉ះទង្គិច​ពី​វីរុស​នេះ និង​ដើម្បី​ឱ្យគេ​អាច​រក្សា​ការងារ​បាន​ផង​។ ធនាគារ​អន្តរជាតិ​សម្រាប់​ការកសាង​ឡើងវិញ​និង​ការអភិវឌ្ឍ (IBRD) និង សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) កំពុងតែ​ដាក់ចេញ​កញ្ចប់​ថវិកា ៦​ប៊ី​លាន​ដុល្លារ​អាមេរិក សម្រាប់​វិធានការ​ឆ្លើយតប​ផ្នែក​សុខាភិបាល​។ ដោយសារ​តម្រូវការ​ជំនួយ​នៅតាម​ប្រទេស​មាន​វិសាលភាព​ទូលំទូលាយ ក្រុម​ធនាគារពិភពលោក​ត្រៀមខ្លួន នឹង​ដាក់ចេញ​កញ្ចប់​ហិរញ្ញវត្ថុ​រហូតដល់​ទៅ ១៦០​ប៊ី​លាន​ដុល្លារ សម្រាប់​រយៈពេល ១៥​ខែ ដើម្បី​ការពារ​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​, ជួយ​ជ្រោមជ្រែង​ដល់​ធុរកិច្ច និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ឆាប់​ងើបឡើង​វិញ នាពេលខាងមុខ​៕​

 

អត្ថបទដែលជាប់ទាក់ទង