ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ គម្រោង​សហ​ហិរញ្ញប្បទាន ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​

299

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការដាក់​ឲ្យ​ដំណើរការ “​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​” ដែលមាន​ទឹកប្រាក់​១០០​លាន​ដុល្លារ ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ មាន​ចំនួន​៣៣ ។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួង​សេដ្ឋកិច្ច​ក៏បាន​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​សហគ្រាស ធុន​តូច​និង​មធ្យម ថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា “​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ” ត្រូវបាន​បង្កើតឡើង និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​។

“​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​” នេះ មាន​គោលបំណង​ផ្ដល់​ឥណទាន មានការ​ប្រាក់​ទាប ដើ​ម្ប​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូចជា ផ្នែក​កម្មន្ដសាល និង​សិប្បកម្ម សម្រាប់​ជំនួស​ឲ្យ​ការ​នាំចូល​បម្រើ​សេចក្ដីត្រូវការ​ក្នុងស្រុក ឬ​បម្រើ​ជា​ធាតុ​ចូល​នៅក្នុង​ផលិត​របស់​ក្រុមហ៊ុន​ធំៗ​ជាដើម​។ មូលនិធិ​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ មាន​ទំហំ​ទឹកប្រាក់​១០០​លាន​ដុល្លារ​អាមេរិក ដែលជា​ការផ្ដល់​សហ​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង​ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (​ធ​.​ស​.​ក​) និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ (​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​)​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បានបញ្ជាក់​បន្ថែមទៀត​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ មាន​ចំនួន​៣៣ ក្នុងនោះ មាន​ធនាគារពាណិជ្ជ ចំនួន​២៣ ធនាគារ​ឯកទេស​ចំនួន​២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ចំនួន​៥ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ចំនួន​២​ផងដែរ​។​

សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​តម្រូវការ​ឥណទាន អាចធ្វើ​ការដាក់​ពាក្យស្នើសុំ​ឥណទាន ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​បាន នៅតាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចូលរួម​ណាមួយ ដោយ​គោរព​តាម​លក្ខខណ្ឌ របស់​គម្រោង​សហ​ហិរញ្ញប្បទាន និង​លក្ខខណ្ឌ​ផ្ដល់​ឥណទាន របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចូលរួម​នីមួយៗ​នេះ​។ ដើម្បី​អាច​ទទួលបាន​ឥណទាន ក្រោម​គម្រោង សហ​ហិរញ្ញប្បទាន​នេះ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវមាន​លក្ខខណ្ឌ គ្រប់គ្រាន់​ស្របតាម​លក្ខណៈវិនិច្ឆ័យ​។ ហេតុដូចនេះ ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ស្របតាម​លក្ខខណ្ឌ​តម្រូវ ដូច​បាន​ជម្រាបជូន អាចដាក់​ពាក្យស្នើសុំ​ឥណទាន ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រ​ទ្រ​ង​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ការទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ណាមួយ ដូច​មាន​រាយ​ឈ្មោះ​ក្នុង​បញ្ជី​ភ្ជាប់​ជាមួយ​៕​

អត្ថបទដែលជាប់ទាក់ទង