ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជួញដូរគ្រឿងញៀន​ជាង ១៦​គីឡូក្រាម

46

 

​ភ្នំពេញ ៖ កងកម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រឹបអូស​គ្រឿងញៀន ១៦​គ​.​ក្រ ៤៧៨.៧៧​ក្រាម ។ ប្រតិបត្តិការ​នេះ ដោយ​អនុវត្តតាម​បទបញ្ជា​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តាម​ការដឹកនាំ​ផ្ទាល់ ពី​សំណាក់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ២២​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​សាធារណៈ លេខ​១៦៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កំលាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៧) ដឹកនាំ​ដោយ​លោកនាយ​ករង សឿង ណុល មានការ​សម្របសម្រួល​ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង និង មាន​អធិការរង​ខណ្ឌទួលគោក ចូលរួម​ផងដែរ បាន​បើក​កិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ជា​លទ្ធផល គឺ​គោលដៅ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សឿង ធា​វ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ ខ្មែរ​។ វត្ថ​តាង​ចាប់​យកបាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​ប្រហែល​កន្លះ​គីឡូក្រាម រួច​បន្តទៅ​ឆែកឆេរ​គោលដៅ​ទី​២​ទៀត នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០​នាទី នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣៣c ផ្ទះ​លេខ​២៥z ផ្លូវ​លេខ​២៥១ ភូមិ​១៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ អឿង ឌី​ចាន់ណា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ​។ វត្ថុតាង​ចាប់យក ម្សៅ​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន (ICE)១៦​ដុំ ទម្ងន់​ប្រហែល​១៦ គីឡូក្រាម​។​

​កងកម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា សរុប​រួម ក្រោយពី​ធ្វើតេស្ត និង​ថ្លឹង​រួច ឃើញ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ១៦​គីឡូក្រាម ៤៧៨.៧៧​ក្រាម ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាលជ​តិ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង