ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ អស់ពីអតីតបក្សប្រឆាំងមួយ មានគណបក្ស១៩ទៀត ឡើងប្រជែងជាមួយគណបក្សប្រជាជន និងមានអ្នកសង្កេតការណ៍បោះឆ្នោត កើនដល់ជិត ១០ម៉ឺននាក់

240

 

ភ្នំពេញ៖គ.ជ.ប បានប្រកាសថា អ្នកសង្កេតការណ៍បោះឆ្នោត ដែលគ.ជ.ប បានទទួលស្គាល់ មានដល់ទៅជិត ១០ម៉ឺននាក់ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងនោះ អ្នកសង្កេតការណ៍អន្តរជាតិ ជាជនបរទេស មានជាង ៥០០ នាក់ មកពី ៤២ ប្រទេស រួមទាំងអ្នកសង្កេតការណ៍ មកពីព្រឹទ្ធសភាអាមេរិក និងសហភាពអឺរ៉ុបផងដែរ។ រីឯអ្នកសង្កេតការណ៍បោះឆ្នោតជាតិ មានចំនួន ៩៩៦១២ នាក់ មកពី ១១២ ស្ថាប័ន។
ក្រៅពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ១០ម៉ឺននាក់នេះ គ.ជ.ប ក៏បានអនុញ្ញាតឲ្យមានភ្ញៀវពិសេស ដែលជាឥស្សរជនជាតិ និងអន្តរជាតិជាច្រើនរូប ដើម្បីចូលរួមពិនិត្យមើល និងតាមដានដំណើរការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ផងដែរ។
ចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កើនឡើងច្រើន សម្រាប់ការបោះឆ្នោតលើកនេះ ខណៈដែលការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក៏មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងដល់ទៅ ២០ គណបក្ស។ ពោលគឺគណបក្សនយោបាយចំនួន ១៩ បានចូលរួមប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឈ្នះឆ្នោត ឡើងដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ តាមរយៈសន្លឹកឆ្នោត។
ជាការពិត អ្នកសង្កេតការណ៍បោះឆ្នោត គឺជាសាក្សីផង និងជាការវាស់ស្ទង់ ពិនិត្យតាមដានដំណើរការបោះឆ្នោត តាមបែបប្រជាធិបតេយ្យផង។ រីឯគ.ជ.ប មានសិទ្ធិត្រឹមតែធ្វើជាអាជ្ញាកណ្តាលប៉ុណ្ណោះ។
អ្នកសង្កេតការណ៍បោះឆ្នោត មានតួនាទីពិនិត្យតាមដានអង្កេតលើដំណើរការបោះឆ្នោត និងពិនិត្យតាមដានទាំងលើគ.ជ.ប ពិសេសមន្ត្រីរៀបចំការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។
វត្តមានរបស់អ្នកសង្កេតការណ៍ដ៏ច្រើន ក្នុងដំណើរការបោះឆ្នោត ក៏ដើម្បីបញ្ជាក់កាន់តែច្បាស់ទៀតថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ហើយគ្រប់ភាគី អាចទទួលយកបាន។
ជាមួយគ្នានេះ ក្រោយពីពិនិត្យតាមដានអង្កេតការណ៍លើដំណើរការបោះឆ្នោតហើយ ក្រុមអ្នកសង្កេតការណ៍ទាំងជាតិ និងទាំងអ្នកសង្កេតការណ៍អន្តរជាតិ ក៏នឹងជួបជុំ ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ក្រោយពីពួកគេ ចុះពិនិត្យ តាមដានដំណើរការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។
ការបើកទូលាយឲ្យមានអ្នកសង្កេតការណ៍បោះឆ្នោត ដែលមានចំនួនដល់ទៅជិត ១០ម៉ឺននាក់ ចូលរួមសង្កេតការណ៍បោះឆ្នោត នាពេលនេះ គឺគ.ជ.ប បង្ហាញពីអព្យាក្រឹត តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យមានដំណើរការបោះឆ្នោត ដែលមិនលម្អៀង ហើយភាគីពាក់ព័ន្ធ ពិសេសគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង អាចទទួលយកបាននូវលទ្ធផលបោះឆ្នោតនេះ។
មួយវិញទៀត ការបើកទូលាយឲ្យមានវត្តមានរបស់អ្នកសង្កេតការណ៍ជិត ១០ម៉ឺននាក់នេះ ហើយគណបក្សនយោបាយចូលរួមការបោះឆ្នោត ក៏មានដល់ទៅ ២០ គណបក្ស ក៏ជាការបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា។ កម្ពុជា ដែលបានអនុវត្ត និងប្រកាន់ខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ចាប់តាំងពីឆ្នាំ១៩៩៣ តាមរយៈការរៀបចំការបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង តាមកាលកំណត់ក្នុងរដ្ឋធម្មនុញ្ញ សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រ មុននឹងឈានទៅបង្កើតរាជរដ្ឋាភិបាល តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ពោលគឺនៅពេលនេះ អស់ពីអតីតគណបក្សប្រឆាំង គឺអតីតគណបក្សសង្គ្រោះជាតិ នៅកម្ពុជា គណបក្សប្រជាជនកម្ពុជា នៅមានគូប្រជែងដល់ទៅ ១៩ គណបក្សទៀតឯណោះ។ ដូច្នេះ មិនមែនមានន័យថា អស់តែពីអតីតគណបក្សប្រឆាំង គឺលែងមានអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិនោះឯណា!

ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង