ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីWhatsApp ចេញការកំណត់ថ្មីនូវចំនួនផ្ញើសារបន្តដើម្បីកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយ

62

ភ្នំពេញ៖ ការទទួលបានព័ត៌មានពិតគឺមានសារសំខាន់ណាស់ក្នុងការប្រឆាំងនឹងការរាតត្បាតពីជំងឺកូវីដ១៩ហេតុដូច្នេះហើយបានជាកាលពីម្សិលមិញនេះក្រុមហ៊ុនហ្វេសប៊ុកបានចេញការកំណត់ថ្មីនូវចំនួនផ្ញើសារបន្តរបស់កម្មវិធីWhatsApp ដើម្បីកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយ។នេះបើតាមផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី៧ខែមេសាឆ្នាំ២០២០។

ប្រភពដដែលបានបន្តថាការកំណត់ចំនួនថ្មីនេះគឺប្រសិនបើអ្នកប្រើប្រាស់ទទួលសារដែលបានផ្ញើបន្ត៥ដងហើយនោះ(មានសញ្ញាព្រួញ២) គេអាចផ្ញើបន្តទៅឆាតថ្មីបានតែមួយនាក់ឬក្រុមប៉ុណ្ណោះដែលពីមុនគេអាចផ្ញើបន្តទៅឆាតថ្មីបានចំនួន៥នាក់ឬក្រុមក្នុងពេលតែមួយ។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាការកំណត់នេះក៏ដោយសារតែការចែកចាយព័ត៌មានក្លែងក្លាយដែលអាចធ្វើឱ្យមានភាពចលាចលក្នុងសង្គមជាពិសេសនៅពេលដែលមនុស្សទូទាំងពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំងឺកូវីដ១៩។

ជាឧទាហរណ៍មានព័ត៌មានក្លែងក្លាយដែលថាជំងឺកូវីដ១៩បានកើតឡើងព្រោះតែការដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ5G ហើយអាចបណ្ដាលមកពីព័ត៌មានក្លែងក្លាយនេះហើយដែលធ្វើឱ្យមានការវាយនិងដុតបំផ្លាញអង់តែនប្រព័ន្ធ5G យ៉ាងហោចណាស់២០កន្លែងនៅក្នុងប្រទេសអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង