ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី នាំយកអំណោយ មកប្រគល់ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ

270
ភ្នំពេញ៖ ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០ តោន និងមីចំនួន ២០០កេស បរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានី ប្រគល់ជូនលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយជាក់ស្តែង។
   នារយៈការកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។
   សូមជម្រាបជូនដែរថា ទន្ទឹមនឹងការនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់សាលាក្រុងរាជធានីភ្នំពេញ មូលនិធិម៉ានី បានសម្របសម្រួលអ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមយុវជនចំនួន ១៦ ក្រុមផ្សេងៗគ្នា និងបានរួមសហការគ្នារៀបចំជាកញ្ចប់បរិច្ចាគដែលក្នុងមួយកញ្ចប់មាន៖ អង្ករ (៥គីឡូ)  ទឹកស៊ីអ៊ីវ  (១ដប) សាប៊ូលាងដៃ (១ ដុំ) និងភេសជ្ជៈ (២កំប៉ុង) ទៅប្រគល់ជូនដល់សង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋ  ដោយក្នុងមួយសង្កាត់នឹងទទួលបានចំនួន ១០០ កញ្ចប់។
   ក្នុងឱកាសនោះដែរ លោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងការ អរគុណ
យ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ហ៊ុន ម៉ានី ដែលលោកនាពេលកន្លងមក ដូចជានៅពេលបច្ចុប្បន្ននេះ លោកតែងតែ ជួយឧបត្ថម្ភមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងជីវភាពគ្រួសារ៕
អត្ថបទដែលជាប់ទាក់ទង