ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល​កម្ពុជា បាន​សន្សំសំចៃ​ថវិកា​បន្ថែម ៩១៨​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

47

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បានដឹង​ច្បាស់​ហើយ អំពី​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​ទូទាំង​ពិភពលោក ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ទោះបី​អត្រា​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​កម្រិត​ទាប ហើយ​ការព្យាបាល​បានជា​ច្រើនឡើង ជា​រៀងរាល់ថ្ងៃ​ក៏ពិតមែន ប៉ុន្តែ​ជំងឺ​នេះ គឺ​នៅតែ​ជា​ជំងឺឆ្លង ដ៏​កាច​សាហាវ​បំផុត​។​

​សម្តេច​បាន​ថ្លែងថា ជាក់ស្តែង នៅ​ជុំវិញ​ប្រទេស​យើង ដូចជា ប្រទេស​ថៃ និង​វៀតណាម គឺ​កំពុង​ប្រឈម នឹង​ការឆ្លង​រាលដាល​យ៉ាងខ្លាំង​។ ដូច្នេះ​កម្ពុជា ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយ​វិធានការ​ទប់ស្កាត់​គ្រប់​ជ្រុងជ្រោយ រួមទាំង​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​សម្ភារៈ និង​បរិក្ខារ​ពេទ្យ ព្រមទាំង​ស្បៀងអាហារ ស្តុក​ទុក​សម្រាប់​ជួយ ប្រជាពលរដ្ឋ ក្នុងស្ថានភាព​ដែល​យើង មិនអាច​មើលឃើញ​ណាមួយ​។​

​កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​ការ​រៃអង្គាស​មូលនិធិ​ពី​សប្បុរសជន និង​ពី​មន្ត្រីរាជការ សម្រាប់​មូលនិធិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺ​បានទទួល​ជាង​១១​លាន​ដុល្លារ​អាមេរិក​រួចហើយ​។ នៅ​ថ្ងៃទី ៧ មេសា ម្សិលមិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់​ជា​សាធារណ អំពី​ការសម្រេច​កាត់បន្ថយ​ថវិកា ចំនួន​៩១៨​លាន​ដុល្លារ​អាមេរិក​ថែមទៀត ពី​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​យកមក​ត្រៀម​បម្រុង សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ខ្ញុំ​សុំ​ការយោគយល់​ពី​ស្ថាប័ន​ជាតិ​គ្រប់​ថ្នាក់ ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ ដែល​រាជរដ្ឋាភិបាល ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ការចំណាយ​ពីរដង លើកទីមួយ គឺ​កាត់បន្ថយ​ការចំណាយ​ចំនួន ៤៤៣​លាន​ដុល្លារ​អាមេរិក និង​លើក​ទី​ពីរ​នេះ កាត់បន្ថយ​ការចំណាយ​ចំនួន​៤៧៥​លាន​ដុល្លារ​អាមេរិក​ថែមទៀត​។ បូកសរុប​ទាំងពីរ​លើក​នេះ គឺមាន​ចំនួន​៩១៨​លាន ដុល្លារ​អាមេរិក សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ”៕

អត្ថបទដែលជាប់ទាក់ទង