រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ TVFBទាំងអស់
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៨ មេសា បានប្រកាសលុបចោលអាជ្ញាប័ណ្ណTVFB និង TBTV ដោយសារផ្សព្វផ្សាយព័ត៌មានបែបញុះញង់ បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
បើតាមសេចក្តីសម្រេច ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោល អាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា “ម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម”។
សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួន ដោយស្រង់ពាក្យប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថា “បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ”។ លោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមផង និង ឡាយវីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19៕