ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន​

123

 

​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា អនុម័ត​ហើយ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ដោយ​សំឡេង​១១៥ នៃ​ចំនួន​សមាជិកសភា​ទាំងមូល​។​

​បន្ទាប់ពី​រដ្ឋសភា​បានអនុម័ត​ជា​ផ្លូវការ នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ទៅ​ព្រឹទ្ធសភា​ពិនិត្យ​និង​ពិភាក្សា​អនុម័ត​បន្ត​។ បន្ទាប់ពី​ព្រឹទ្ធសភា អនុម័ត​រួច នឹងត្រូវ​បញ្ជូន​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ឆ្លងកាត់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ ព្រះមហាក្សត្រ នឹង​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​។

​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាន​ចំនួន​៥​ជំពូក និង​ចែកចេញ​១២​មាត្រា​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ចែងថា «​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។​

​សេចក្តីព្រាងច្បាប់​នេះ ក៏​ផ្តល់​ជា​មូលដ្ឋាន​គតិយុត្ត ដើម្បី​ធានា​ដល់​ការអនុវត្ត​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​សិទ្ធិអំណាច​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ដែល​មិនអាច​ខ្វះ​បាន ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​របស់​ប្រទេស​ក្នុង​ភាពអាសន្ន សំដៅ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ពាំរ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ក៏​នឹង​កំណត់​នូវ​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ព្រមទាំង​វិធានការ​ចាំបាច់​នានា ដែល​រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់ចេញ​ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​

​ការដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន អាចធ្វើ​ឡើង​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ជាអាទិ៍ គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​សង្គ្រាម ឬ​ការឈ្លានពាន​ពី​កម្លាំង​បរទេស គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ដែល​គំរាមកំហែង ឬ​អាច​បង្ក​គ្រោះថ្នាក់​រីក​រាលដាល​ដល់​កម្រិត​ទូទាំងប្រទេស​។​

​ក្នុង​សេចក្តីព្រាងច្បាប់ ត្រង់​មាត្រា​៤ ជំពូក​ទី​៣ បាន​កំណត់ថា នៅពេល​ប្រទេសជាតិ ត្រូវបាន​ប្រកាស​ដាក់​ស្ថិតនៅក្នុង​ភាពអាសន្ន រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់ចេញ​វិធាន​ដូចខាងក្រោម​៖ ១ ហាមឃាត់ ឬ កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើដំណើរ​។ ២ ហាមឃាត់ ឬ កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​។ ៣ ហាមឃាត់ ឬ កម្រិត​ការធ្វើសកម្មភាព​ការងារ ឬ​មុខរបរ​។ ៤ ហាមឃាត់ ឬ កម្រិត​មិនឱ្យ​បុគ្គល​ចេញពី​លំនៅឋាន ឬ ទី​សំណាក់​ណាមួយ​។ ៥ ដាក់ចេញ​វិធានការ​ច​ត្តា​ឡី​ស័ក ឬ ការដាក់​ឱ្យនៅ​ដោយឡែក​ក្នុងករណី​គ្រោះអាសន្ន​បន្ទាន់ ចំពោះ​សុខភាព​សាធារណៈ​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​។ ៦ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ ៧ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន ដកហូត គ្រប់គ្រង និង​ចាត់ចែង​ទ្រព្យសម្បត្តិ និង​សេវា ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ នីតិវិធី​នៃ​ការធ្វើ​កំណែន និង​សំណង​ត្រូវ​កំណត់ដោយ​រាជរដ្ឋាភិបាល​។ ៨ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការបិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ ៩ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការបិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ ១០ ដាក់ចេញ​នូវ​វិធានការ​ឃ្លាំមើល និង​តាមដាន​គ្រប់​មធ្យោបាយ ដើម្បី​ទទួលបាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព ក្នុង​គោលបំណង​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ ១១ ហាមឃាត់ ឬ ការកម្រិត​ការចែក​ចាយ ឬ ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្កឱ្យមាន​ការ​ភ័យខ្លាច​ដល់​សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ឬ ធ្វើឱ្យមាន​ការភាន់ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាពអាសន្ន​។ ១២ ដាក់ចេញ​វិធានការ​ដទៃទៀត​ដែល​សមស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​

​ក្នុង​មាត្រា​នេះ បានចែង​ទៀតថា វិធានការ​អនុវត្ត​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន អាច​ត្រូវបាន​ដាក់ចេញ​សម្រាប់​ទូទាំងប្រទេស ឬ ដែនដី​កំណត់​ជាក់លាក់​ណាមួយ​។ ក្នុងករណី​ចាំបាច់ រាជរដ្ឋាភិបាល​អាចបង្កើត​យន្តការ ឬ​ប្រគល់​សិទ្ធិអំណាច​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណាមួយ ឬ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​ដល់​ការអនុវត្ត​វិធានការ​ខាងលើ​។​

​ក្នុងពេល​សង្គ្រាម ឬ ក្នុង​កាលៈទេស​ដទៃទៀត​ដែល​សន្តិសុខ​ជាតិ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​អាចធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក​។​

​នៅក្នុង​មាត្រា​៧ ក្នុង​ជំពូក​ទី​៤ និយាយ​ពី​ទោស​ប្បញ្ញត្តិ បាន​ចែងថា អំពើ​ដោយ​ចេតនា​រារាំង ឬ បង្ក​ឧបសគ្គ​ដល់​កិច្ចប្រតិបត្តិការ​ឆ្លើយតប​ចំពោះ​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ដល់​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ដល់ ៥​លាន​រៀល​។ ចំពោះ​អំពើ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ កាលបើ​អំពើ​នេះ នាំឱ្យមាន​ចលាចល​ជា​សាធារណៈ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​

​ក្នុង​មាត្រា​៨ នៃ​ជំពូក​ដដែល បាន​ចែងថា អំពើ​ដោយ​ចេតនា​មិន​គោរព​វិធានការ​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដែល​មានចែង​ក្នុង​មាត្រា​៥ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ដល់ ១​លាន​រៀល​។ ដោយឡែក​អំពើ​មិន​គោរព​តាម​វិធានការ​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល កាលបើ​អំពើ​នេះ​នាំឱ្យមាន​ចលាចល​ជា​សាធារណៈ​។​

​ដោយឡែក​នីតិបុគ្គល​ដែលមាន​ចេតនា​រារាំង ឬ បង្ក​ឧបសគ្គ​ដល់​កិច្ចប្រតិបត្តិការ​ឆ្លើយតប​ចំពោះ​ភាពអាសន្ន ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដូច​មានចែង​ក្នុង​មាត្រា​៤២ (​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ត្រូវ​ផន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០០​លាន​រៀល ដល់ ១.០០០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ ច្រើន​ដូច​មានចែង​ក្នុង​មាត្រា​១៦៨ (​ទោស​បន្ថែម​អនុវត្ត​ចំពោះ​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ​។​

​រីឯ​នីតិបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ដោយ​ចេតនា​មិន​គោរព​វិធានការ​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដែល​មានចែង​ក្នុង​មាត្រា​៥ ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដូច​មានចែង​ក្នុង​មាត្រា​៤២ (​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥០​លាន​រៀល ដល់ ៥០០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា​១៦៨ (​ទោស​បន្ថែម​អនុវត្ត​ចំពោះ​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ​៕

អត្ថបទដែលជាប់ទាក់ទង