ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្លាប់​កើន​លើស ១០០.០០០​នាក់ និង​ឆ្លង​ជិត ១.៧០០.០០០​នាក់​

90

 

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ទូទាំង​ពិភពលោក បាន​កើនឡើង​លើស ១០០.០០០​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ (​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា​) ខណៈដែល​អ្នក​ឆ្លង​សរុប​មាន​ជិត ១.៧០០.០០០​នាក់​។​

​ប្រទេស​ចិន ដែលជា​កន្លែង​ផ្ទុះ​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ មាន​ស្ថានភាព​ធូរស្រាល​ខ្លាំង និង​មាន​ការឆ្លង​ថ្មី​ក្រោម ១០០​ករណី​ក្នុង​មួយថ្ងៃ ដោយ​ភាគច្រើន​ជាការ​ឆ្លង​មកពី​ប្រភព​ខាងក្រៅ ខណៈដែល អា​មេ​រិច អ៊ីតាលី អាឡឺម៉ង បារាំង អង់គ្លេស និង​អ៊ីរ៉ង​ជាដើម កំពុងតែ​មានការ​រាតត្បាត​ខ្លាំង និង​មាន​អ្នក​ឆ្លង​រាប់សែន​នាក់ និង​ស្លាប់​រាប់ម៉ឺន​នាក់​។​

​ប្រទេស​ជាច្រើន​ដែល​កំពុង​រង​ការវាយប្រហារ ពី​វីរុស​បានប្រកាស​បិទ​ព្រំដែន ជើងហោះហើរ និង​ប្រទេស ដោយ​ចាត់វិធានការ​ឲ្យ​ប្រជាជន​ស្នាក់​នៅតែ​ផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ថ្មី​។​

​ចំណែក​ចិន ដែល​បាន​ធូរស្រាល​ពី​វីរុស​កូ​រ៉ូ​ណា បានប្រកាស​ដក​បម្រាម​ដើរហើរ​ចេញ និង​អនុញ្ញាត​ឲ្យ​ប្រជាជន នៅក្នុង​ទីក្រុង​វូ​ហាន ធ្វើការ​ដើរហើរ​បាន​ធម្មតា​វិញ​។​

​នៅ​ថ្ងៃ​សុក្រ​នេះដែរ ប្រធាន​អង្គការ​សុខភាព​ពិភពលោក បានធ្វើការ​ព្រមាន​ពី​ការដក​វិធានការ រឹតបន្តឹង​ក្នុងប្រទេស​។​

​លោក Tedros Adhanom Ghebreyesus លើកឡើងថា “​ការដក​ការ​រឹតបន្តឹង​ឡើងវិញ​លឿន​ពេក អាច​បណ្តាល​ឲ្យ​មានការ​ស្លាប់​ឡើងវិញ​។ ផ្លូវ​ចុះក្រោម​អាចមាន​គ្រោះថ្នាក់​ដូច​ផ្លូវ​ឡើងលើ​ដែរ ប្រសិនជា​គ្រប់គ្រង​មិនបាន​ល្អ​”​។​

​ប្រទេស​មួយចំនួន ជាពិសេស​នៅក្នុង​តំបន់​អាស៊ី មានការ​ព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការឆ្លង​វីរុស​ពី​ប្រភព​ខាងក្រៅ​ឡើងវិញ ពី​ការធ្វើដំណើរ​ចូល​ស្រុក​វិញ​របស់​ប្រជាជន​ពួកគេ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រីក​រាលដាល​យ៉ាង​លឿន​ទៅកាន់​ប្រទេស​ទូទាំង​ពិភពលោក​៕


អត្ថបទដែលជាប់ទាក់ទង