ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលារាជធានី ម្រេចដាក់ម៉ាស៊ីនស្កេន កំដៅមួយទីតាំងទៀត នៅអង្គភាពច្រកចេញ ចូលតែមួយ ដើម្បីការពារជម្ងឺកូវីដ_១៩

86

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញមិនត្រឹមតែដាក់ទីតាំងដើម្បីវាស់កំដៅនៅច្រកចូល សាលារាជធានីភ្នំពេញប៉ុណ្ណោះទេគឺបានសម្រេចដាក់ម៉ាស៊ីនស្កេនកំដៅមួយទីតាំងទៀតនៅចំណុចអង្គភាពច្រកចេញចូលតែមួយដែលជាច្រកទទួលសេវាផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធានាបានថា មន្ត្រីរដ្ឋបាលរាជធានីនិងអ្នកដែលចូលមកទទួលសេវាផ្សេងៗពីរដ្ឋបាលរាជធានីមិនមានការផ្ទុកនូវជម្ងឺកូវីដ_១៩។

  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នាព្រឹកថ្ងៃទី ១៣ ខែមេសាឆ្នាំ២០២០នេះបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់គោលដៅចំនួនពីរ ដើម្បីវាស់កម្ដៅទៅលើបុគ្គលិកមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋដែលមកទទួលសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានដាក់មួយគោលដៅនៅចំណុចច្រកចូលនៃសាលារដ្ឋបាលរាជធានីភ្នំពេញនិងមួយទីតាំងទៀតគឺបំពាក់ម៉ាស៊ីនស្គែនកំដៅនៅចំណុចអង្គភាពច្រកចេញចូលតែមួយ ហើយអង្គភាពច្រកចេញចូលតែមួយនេះ គឺតម្រូវឱ្យមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែឆ្លងកាត់នូវម៉ាស៊ីនស្កេនថ្មីនេះ។

   លោកអភិបាលក៏បានបញ្ជាក់ផងដែរថា ការដាក់នូវម៉ាស៊ីនស្គែនកំដៅថ្មីមួយបន្ថែមទៀតនេះ គឺដើម្បីធានាឲ្យបាននូវការឆ្លងជម្ងឺកូវីដ_១៩។ ចំពោះមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋដែលមកទទួលសេវានៅរដ្ឋបាលរាជធានីភ្នំពេញ បើមិនឆ្លងកាត់នូវការស្កេនកម្ដៅនិងការវាស់កំដៅទេ គឺមិនអនុញ្ញាតឲ្យចូលមកក្នុងសាលារាជធានីភ្នំពេញ នោះទេ។ បន្ថែមពីលើនេះទៀតលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ដល់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវពាក់ម៉ាស លាងដៃនិងសំអាតអនាម័យឱ្យបានស្អាតជៀសវាងនូវការឆ្លងរាលដាលវីរុសកូរ៉ូណា១៩នេះ៕

 

អត្ថបទដែលជាប់ទាក់ទង