ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១៥ ដល់ ២១ មេសានៅ តាមតំបន់ខ្ពង់រាប តំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ សូមប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

52

 

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូន ស្តីពី ស្ថានភាពធាតុអាកាស ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ដោយបានប្រាប់ ប្រជាពលរដ្ឋនៅតាមតំបន់ខ្ពង់រាប តំបន់ទំនាបកណ្ដាល និងជាពិសេសតំបន់មាត់សមុទ្រ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។

តាមរយៈការតាមដានស្ថានភាពអាកាសធាតុជួបជាបន្តសង្កេតឃើញថា  ជ្រលងសម្ពាធខ្ពស់រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាបបន្តគ្រាប់ដណ្ដប់មកឮតំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ ។

ក្រសួងធនធានទឹកបានប្រកាសបន្ថែមទៀតថា បើតាមស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសមានលក្ខណៈដូចជា នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា ពី២៤ទៅ២៧អង្សាសេ ។ នៅថ្ងៃទី ១៥ ដល់ ១៨ ខែមេសាសីតុណ្ហភាពអតិបរមាមានពី ៣២ ទៅ ៣៦ អង្សាសេ និងចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែមេសា អតិបរមាមាន ពី៣៤ ដល់ ៣៨ អង្សាសេ។ ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ខែមេសា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយ។

ចំណែកនៅតាមបណ្ដាខេត្តនៅតំបន់ខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមាន ពី២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមាមាន ៣២ ទៅ ៣៥ អង្សាសេ ហើយផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម។ 

នៅតាមបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមាន ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមាមាន ៣២ទៅ ៣៥ អង្សាសេ ហើយចាប់ពីថ្ងៃទី ១៥ ដល់ ១៧ខែមេសាផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើននិងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។ 

ក្រសួងដដែលបានលើកឡើងទៀតថាៈ តាមរយៈស្ថានភាពអាកាសធាតុដូចបានជម្រាបជូនសាធារណជនជ្រាបជាព័ត៌មាននិងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង ជាពិសេសនៅផ្នែកខ្លះនៃតំបន់វាលទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរ៉ែក ចាប់ពីថ្ងៃទី ១៥ដល់ ១៧ ខែមេសា៕

អត្ថបទដែលជាប់ទាក់ទង