សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ ១៧នាក់ ប្រមូលផ្តុំគ្នាផឹកស៊ី , សម្តេចតេជោ អំពាវនាវឲ្យពលករខ្មែរ គោរពតាមច្បាប់ និងបម្រាមរបស់ប្រទេសថៃ
ភ្នំពេញ៖ សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ១៧នាក់ ខណៈពេលដែលពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង នៅមុនបន្ទប់ជួល ដោយបំពានបម្រាមរបស់រដ្ឋាភិបាលថៃ ដែលហាមមិនឱ្យមានការជួបជុំសេពគ្រឿងស្រវឹង អំឡុងពេលចូលឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
នៅថ្ងៃទី១៥ ខែមេសានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ផ្តាំផ្ញើដល់បងប្អូនកូនក្មួយជាកម្មករកម្មការិនីទាំងអស់ ត្រូវចូលរួមគោរពបទប្បញ្ញតិ្ត និងបម្រាមដ៏តឹងរ៉ឹងរបស់រាជរដ្ឋាភិបាល ជាពិសេសពលករចំណាកស្រុក ត្រូវគោរពច្បាប់ប្រទេសគេ ដើម្បីជៀសវាងនាំទុក្ខទោស ព្រោះតែការហាមមិនស្តាប់ដូចករណីខាងលើ ។
សារជូនពរឆ្នាំថ្មីរបស់សម្តេចដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅដូចខាងក្រោម “ជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សុខសប្បាយជាទេបងប្អូនជនរួមជាតិ។ អរគុណចំពោះការយកចិត្តទុកដាក់ ធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ សូមកូនក្មួយកុំធ្វើអ្វីដែលខុសច្បាប់ នៅក្នុងប្រទេសគេ ដែលកំពុងដាក់ក្នុងគ្រាអាសន្នឲ្យសោះ។ ទន្ទឹមនឹងនេះដែរ សូមអំពាវនាវដល់បងប្អូនកូនក្មួយ និងពលករពលការិនី ដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញរួម ទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុមដែលពេលនេះ ប្រទេសគេកំពុងមានការហាមឃាត់ តឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់ការចម្លងរោគកូវីដ-១៩។
សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាព អាយុជីវិតបងប្អូនកូនក្មួយ ពលករពលការិនីផ្ទាល់។ សូមបងប្អូនយោគយល់ និងគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាព ដែលប្រទេសភាគច្រើនបានដាក់ចេញ នូវបទបញ្ញត្តិនិងបម្រាមដ៏តឹងរ៉ឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំណាងដល់បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា”។
តាមសារព័ត៌មាន ប៉ាធុមថានី (Pathumthani News) បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ពលករមកពីប្រទេសកម្ពុជាសរុបចំនួន ២៩ នាក់ (ប្រុស ១៧ នាក់ និង ស្រី ១២ នាក់) ត្រូវបានចាប់ខ្លួនៅផ្ទះជួលមួយកន្លែង នៅក្នុង Khlong Luang ខេត្ត Pathum Thani ដោយសារបំពានបម្រាមរបស់រដ្ឋាភិបាល។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើង គឺបន្ទាប់ពីអ្នកភូមិដែលគោរពច្បាប់ បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានថា មានពលករបរទេស (ខ្មែរ) កំពុងជប់លៀងផឹកស៊ីយ៉ាងគគ្រឹកគគ្រេង នៅឯផ្ទះជួលរបស់ពួកគេ ៕