លទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩
ភ្នំពេញ៖លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ–១៩តាមរយៈប្រព័ន្ធវីដេអូ(Video Conference) នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២០។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីជំងឺឆ្លងផ្លូវដង្ហើមកូវីដ–១៩(COVID-19) តាមរយៈប្រព័ន្ឋវីដេអូ(Video Conference) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២០។ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ជាប្រធានកិច្ចប្រជុំទាំងពីរនេះហើយទទួលបាននូវលទ្ធផលដូចតទៅ៖
*កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីជំងឺកូវីដ–១៩(COVID-19)
ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានបានជួបគ្នាជាលើកដំបូងតាមរយៈប្រព័ន្ធវីដេអូដោយមានការសម្រសម្រួលពីវៀតណាមដែលជាប្រធានអាស៊ានឆ្នាំ២០២០ដើម្បីពិភាក្សាអំពីវិធានការដែលអាស៊ានអាចធ្វើការរួមគ្នាក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ–១៩និងផលប៉ះពាល់ផ្នែកសង្គម–សេដ្ឋកិច្ចក្នុងតំបន់។
ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ពីតម្រូវការដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ក្នុងស្មារតីនៃសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងភាពឆ្លើយតបតាមរយៈការផ្លាស់ប្តូរព័ត៌មានបទពិសោធន៍និងឧត្តម្មានុវត្តន៍នៃវិធីសាស្រ្តព្យាបាលវេជ្ជសាស្រ្តព្រមទាំងការលើកកម្ពស់ការសម្របសម្រួលគោលនយោបាយដើម្បីកាត់បន្ថយផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងសង្គមដែលបណ្តាលមកពីជំងឺរាតត្បាតនេះការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ានក៏ដូចជារក្សាឱ្យបាននូវស្ថិរភាពផ្នែកសង្គម–សេដ្ឋកិច្ច។
ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តក្នុងការរក្សាទីផ្សារអាស៊ានឱ្យបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគក្នុងគោលបំណងពង្រឹងភាពរឹងមាំនិងនិរន្តរភាពនៃសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ជាពិសេសលើការផ្គត់ផ្គង់ស្បៀងអាហារសម្ភារៈវេជ្ជសាស្ត្រនិងផលិតផលចាំបាច់នានា។ក្នុងបរិការណ៍នេះថ្នាក់ដឹកនាំអាស៊ានក៏បានចាត់ឱ្យរដ្ឋមន្រ្តីនិងឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានស្វះស្វែងរកវិធានការចាំបាច់នានាដើម្បីរក្សាការតភ្ជាប់សង្វាក់ផ្គត់ផ្គង់ការធានានូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ការធ្វើពាណិជ្ជកម្មនិងទប់ស្កាត់ការដាក់កំហិតដែលមិនចាំបាច់នានាលើលំហូរស្បៀងអាហារសម្ភារៈវេជ្ជសាស្ត្រនិងផលិតផលចាំបាច់នានា។
ថ្នាក់ដឹកនាំអាស៊ានបានគាំទ្រចំពោះការរៀបចំឡើងវិញនូវប្រាក់មូលនិធិនានាដែលមានស្រាប់និងលើកទឹកចិត្ដដល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុពីដៃគូអាស៊ានដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្ដិការប្រឆាំងជំងឺកូវីដ–១៩ដោយរួមទាំងសំណើបង្កើតមូលនិធិឆ្លើយតបបន្ទាន់សម្រាប់ជំងឺកូវីដ–១៩ដើម្បីដោះស្រាយនូវកង្វះខាតសម្ភារៈវេជ្ជសាស្រ្ដការគាំទ្រលើការស្រាវជ្រាវនិងការអភិវឌ្ឍនៃឱសថនិងវ៉ាក់សាំង ព្រមទាំងការត្រៀមរៀបចំឆ្លើយតបបន្ទាន់នាពេលអនាគត។ឈរលើស្មារតីនេះថ្នាក់ដឹកនាំអាស៊ានបានស្នើក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ត្រួតពិនិត្យមើលលើកិច្ចប្រឹងប្រែងសម្របសម្រួលនានារបស់អាស៊ានដែលឆ្លើយតបទៅនឹងជំងឺកូវីដ–១៩និងដោះស្រាយបញ្ហាប្រឈម
ទៅលើស្ថានភាពសង្គម–សេដ្ឋកិច្ចនិងរាយការណ៍ជាទៀងទាត់ជូនថ្នាក់ដឹកនាំអាស៊ានអមជាមួយនឹង
អនុសាសន៍សមស្របផ្សេងៗសម្រាប់ការណែនាំបន្ថែមទៀត។
ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់អំពីសារៈសំខាន់សម្រាប់អាស៊ានក្នុងការចូលរួមយ៉ាងជិតស្និទ្ធជាមួយដៃគូខាងក្រៅរួមមានដៃគូសន្ទនាអាស៊ានអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិនានាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការការពារបញ្ឈប់និងគ្រប់គ្រងការឆ្លងជំងឺនេះ។ក្នុងន័យនេះថ្នាក់ដឹកនាំ អាស៊ានបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងនិងការបន្តប្រើប្រាស់យន្តការថ្នាក់តំបន់និងអន្តរជាតិដែលមានស្រាប់ដើម្បីសហការនិងសម្របសម្រួលក្នុងការឆ្លើយតបចំពោះវិបត្តិសុខភាពសាធារណៈនេះ។
ក្នុងឱកាសកិច្ចប្រជុំនេះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានគូសបញ្ជាក់អំពីអាទិភាពមួយចំនួនដូចជា៖(១)គាំទ្រគ្នាទៅវិញទៅមកផ្នែកធនធានហិរញ្ញវត្ថុបច្ចេកវិទ្យានិងការផ្គត់ផ្គង់បរិក្ខាពេទ្យ(២)មិនត្រូវអនុវត្តវិធានការឯកតោភាគីដែលអាចរាំងស្ទះដល់សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែននិងសកម្មភាពសេដ្ឋកិច្ចនានា(៣)គាំទ្រ«វប្បធម៌ចែករំលែក» ដើម្បីជួយកាត់បន្ថយសម្ពាធការចំណាយរបស់រដ្ឋាភិបាល(៤)ជៀសវាងការរើសអើងជាតិសាសន៍ការចោទប្រកាន់និងការស្តីបន្ទោស(៥)ជួយប្រជាជនអាស៊ានដែលបានជាប់គាំងដោយសារវិបត្តិនេះនិង(៦)ពិចារណាតើត្រូវស្តារសេដ្ឋកិច្ចដោយវិធីណានៅពេលការរាតត្បាតនៃជំងឺនេះត្រូវបានបញ្ចប់។
ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័តនូវសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីជំងឺរាតត្បាតកូវីដ–១៩។
*កិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីជំងឺកូវីដ–១៩(COVID-19)
ថ្នាក់ដឹកនៃបណ្តាប្រទេសអាស៊ានបូកបីបានឯកភាពគ្នាឲ្យមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងនិងវិធានការឆ្លើយតបតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ–១៩។ឯកឧត្តមបណ្ឌឹតតេដរ៉សអាដហាណម
ហ្គេប្រេយេស៊ូស(Tedros Adhanom Ghebreyesus) អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានចូលរួមកិច្ចប្រជុំកំពូលនេះបានកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ានបូកបីក្នុងការទប់ស្កាត់ការពារគ្រប់គ្រងនិងឆ្លើយតបយ៉ាងមានប្រសិទ្ឋភាពទៅនឹងការរីករាលដាលនៃជំងឺនេះនិងបានកត់សម្គាល់ថាតំបន់អាស៊ីបូព៌ាជាកន្លែងដំបូងដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតនេះ។
ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់ចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសបូកបីរួមមានចិនជប៉ុននិងសាធារណរដ្ឋកូរ៉េដែលបានខិតខំទប់ស្កាត់ការរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះដោយបានធ្វើឲ្យចំនួនអ្នកឆ្លងថ្មីមានការធ្លាក់ចុះនាពេលថ្មីៗនេះ។ដូចនេះថ្នាក់ដឹកនាំអាស៊ាននឹងត្រៀមចូលរួមពិភាក្សានិងធ្វើការផ្លាស់ប្តូរបទពិសោធន៍និងឧត្តម្មានុវត្តន៍ជាមួយប្រទេសបូកបីដើម្បីកាត់បន្ថយផលប៉ះពាល់
ជាអវិជ្ជមានបណ្តាលមកពីជំងឺនេះដើម្បីធានានូវសុខុមាលភាពប្រជាជនក្នុងតំបន់អាស៊ីបូព៌ានិងតំបន់ដទៃក្នុងពិភពលោក។ក្នុងន័យនេះកិច្ចប្រជុំបានទទួលស្គាល់ពីសារៈសំខាន់នៃការបម្រុងទុកអង្ករគ្រាមានអាសន្នរបស់ប្រទេសអាស៊ានបូកបី(ASEAN Plus Three Emergency Rice Reserve) ដែលជាយន្តការពង្រឹងសន្តិសុខស្បៀងក្នុងអាស៊ានបូកបី។
កិច្ចប្រជុំបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការក្នុងវិស័យផ្សេងៗតាមរយៈយន្តការក្នុងតំបន់ដែលមានស្រាប់ជាពិសេសដើម្បីគាំទ្រសហគ្រាសមីក្រូធុនតូចនិងមធ្យម(MSMEs) ការពារគ្រូពេទ្យជំនាញនិងបុគ្កលិកសុខាភិបាលក៏ដូចជាធានាសុវត្ថិភាពដល់ពលករចំណាកស្រុក។កិច្ចប្រជុំ
ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តរក្សាសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តនិងបន្តធ្វើពាណិជ្ជកម្មរវាងប្រទេសអាស៊ានបូកបីដើម្បីធានានូវលំហូរនាំចេញ–ចូលទំនិញនិងសម្ភារៈចាំបាច់នៅតាមព្រំដែន។កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ក្នុងឆ្នាំនេះទោះបីមានវិបត្តិសុខភាពក៏ដោយព្រោះវាអាចជួយស្តារសេដ្ឋកិច្ចតំបន់ឲ្យរស់រវើកឡើងវិញបន្ទាប់ពីជំងឺកូវីដ–១៩ចប់។
សម្តេចតេជោនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាតនេះ និងបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការពង្រឹងសាមគ្គីភាពតំបន់ក្នុងការប្រយុទ្ឋប្រឆាំងជម្ងឺនេះ។ក្នុងបរិបទនេះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានកោតសរសើរដល់ប្រទេសបូកបីដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងផ្នែកហិរញ្ញវត្ថុសម្ភារៈ
បរិក្ខាពេទ្យក៏ដូចជាការបញ្ជូនវេជ្ជបណ្ឌិតមកជួយកម្ពុជា។
ក្នុងឱកាសនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានលើកនូវចំណុចអាទិភាពមួយចំនួនសម្រាប់អាស៊ានបូកបីពិចារណាដែលជាវិធានការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងនិងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ–១៩៖(១) ការចែករំលែកឧត្តម្មានុវត្តន៍និងបទពិសោធន៍ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះប្រកបដោយប្រសិទ្ធភាព(២) ការការពារសុខភាពសាធារណៈ
តាមរយៈការពង្រឹងសមត្ថភាពផលិតសម្ភារៈបរិក្ខាពេទ្យនិងការការពារអ្នកងាយទទួលរងគ្រោះ(៣) កាត់បន្ថយហានិភ័យសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាតនេះ(៤) ពង្រឹសមាហរណកម្មតំបន់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និង (៥) ពង្រឹងការតភ្ជាប់ផ្នែកឌីជីថលនៅក្នុងវិស័យផ្សេងៗដូចជា រដ្ឋាភិបាលឌីជីថល(e-government) ធុរកិច្ចឌីជីថល(e-business) និងការសិក្សាតាមប្រព័ន្ធឌីជីថល(e-education)។
ថ្នាក់ដឹកនាំអាស៊ានបូកបី ក៏បានអនុម័តនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីកូវីដ–១៩៕