ភ្លើងប្រច័ណ្ឌ មន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ជនរងគ្រោះរួចបានគេចខ្លួន, ជនដៃដល់ជាបងថ្លៃបាញ់ប្អូនថ្លៃ
ខេត្តកណ្តាល៖លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងឆ្លងសាឡាង ទាំងយប់បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថា មានករណីបុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ដោយសារជនដៃដល់ជាបងថ្លៃបានបាញ់សម្លាប់កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ2020ស្ថិតនៅផ្ទះឪពុកជនរងគ្រោះនៅក្នុងភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល។
ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែងបានបាញ់សម្លាប់ជនរងគ្រោះរួចបានគេចខ្លួន។បន្ទាប់ពីមានករណីនេះកេីតឡេីងភ្លាមលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងជំនាញចុះពិនិត្យកន្លែងកេីតហេតុផ្ទាល់និងស្វែងរកចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញរបាយការណ៍លម្អិតថា ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ (របួសបំពង់ក ០១ កន្លែង ស្លាប់)។ ចំណែកជនសង្ស័យឈ្មោះសែន រ៉ានុន ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅភូមិ ឃុំ កើតហេតុ (រត់គេចខ្លួន)។ វត្ថតាងចាប់យក ស្រោមកាំភ្លើងខ្លី ០១និង សម្បកគ្រាប់ ០១ (ម៉ាកk59)។
នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី មិនស្គាល់ម៉ាក ភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះ ចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី? និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ ត្រូវបំពង់កបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួនបាត់។
ករណីនេះ កម្លាំងប៉ុស្តិ៍ កម្លាំងអធិការដ្ឋាន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ការិយាល័យបច្ចេកទេសខេត្ត បានសហការស្រាវជ្រាវ រកជនសង្ស័យ និង ធ្វើការពិនិត្យកន្លែងកើតហេតុនិង សាកសពជនរងគ្រោះ ។