ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពត បន្តផ្ដល់អំណោយ ដើម្បីឆ្លើយតបយុទ្ធនាការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ដល់មណ្ឌលសុខភាព​ និងមន្ទីរពេទ្យបង្អែកខេត្ដ

51

កំពត៖រដ្ឋបាលខេត្តកំពត បានបន្តប្រគល់ជូននូវសម្ភារៈ បរិក្ខារ ដើម្បីបម្រើសកម្មភាពឆ្លើយតបយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខេត្តបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៏ ៥រោច​ ខែចេត្រ​ ឆ្នាំជូត​ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២០ ក្រោមអធិបតីភាព​ លោក ជាវ​ តាយ​ អភិបាលខេត្តកំពត​ និងលោក ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត​ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរ សម្រាប់នៅកម្ពុជាយើងផងដែរ។
នៅក្នុងស្ថានការណ៍ដ៏លំបាកធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ​ ហ៊ុន សែន​ បាននិងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយ នូវបញ្ហាដ៏លំបាកនេះ។
ដូច្នេះដើម្បីរួមចំណែកការលំបាក ជាមួយរាជរដ្ឋាភិបាល ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រដ្ឋបាលខេត្តកំពត ក្នុងរយៈពេលកន្លងមក តែងតែបានយកចិត្តទុកដាក់ ដោះស្រាយ ផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត​ រួមនិងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពប្រយុទ្ធបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ ដែលក្នុងនោះបានធ្វើការបែងចែកសម្រាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក​ ឃុំ សង្កាត់ក្នុងខេត្តចំនួន២លើករួចមកហើយដែរ។
ដោយឡែកជាការជាក់ស្ដែង ការបែងចែកប្រគល់ជូននូវ អំណោយសម្ភារៈ បម្រើដល់សកម្មភាពប្រយុទ្ធ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដល់មណ្ឌលសុខភាព​ និងមន្ទីរពេទ្យបង្អែកនាពេលនេះគឺ គឺជាលើកទី៣ហេីយ។
លោកអភិបាលខេត្តបានបន្តថា​ សកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តគិតជាថវិកាសរុបចំនួន១៩.៥០០ដុល្លារ និង១៥លាន ៩សែនរៀល រួមនិងគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានសម្ដែងការកោតសរសើរ​ និងថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត​ និងបុគ្គលិក គ្រូពេទ្យទាំងអស់ក្នុងខេត្តដែលតែងតែបានយកចិត្តទុកដាក់ រួមដៃគ្នាជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ ក្នុងតួនាទីភារកិច្ចវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌របស់គ្រូពេទ្យ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពតយ៉ាងសស្រាក់សស្រាំ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់
គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់​ បន្តការខិតខំយកចិត្តទុកដាក់​ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមនិងអ្នកពាក់ព័ន្ធពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យរបស់ក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបផងដែរថា អំណោយ សម្ភារៈដែលបានធ្វើការបែងចែកប្រគល់ជូន នាពេលនេះ ក្នុងនោះសម្រាប់មន្ទីរពេទ្យបង្អែកសរុបចំនួន៥ មានធុងបាញ់ថ្នាំសម្លាប់មេរោគសរុបចំនួន១០ ម៉ាស២៥ប្រអប់ ទឹកសាប៊ូលាងដៃ១០ធុង​ ឧបករណ៍សម្រាប់ស្ទង់កំដៅ៥​។ សម្រាប់មណ្ឌលសុខភាពចំនួន ៦៤ បានប្រគល់ជូនម៉ាស់សរុប១៩២ប្រអប់ អាកុល៣២០លីត្រ និងឧបករណ៍សម្រាប់ស្ទង់កំដៅចំនួន៦៤ផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង