១ករណី ៖ ចាប់អ្នកកាសែតម្នាក់ ពីបទញុះញង់ បទឧក្រិដ្ឋជាអាទិ៍ និងប្តឹងបរិហាបង្កាច់កេរ្តិ៍ និងចាប់ជនល្មើសម្នាក់ វាយយកទូរស័ព្ទពីជនរងគ្រោះ
កំពត៖ នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខេត្តកំពត បានឃាត់ខ្លួនឈ្មោះ ហង្ស សុភាព ភេទប្រុសអាយុ៤១ឆ្នាំ ជាអ្នកកាសែត VD7 , FK , NEWS , TVB ពីបទញុះញង់បទឧក្រិដ្ឋជាអាទិ៍និងប្តឹងបរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតបច្ចុប្បន្ន។
ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា មូលហេតុឃាត់ខ្លួន ពីព្រោះលោក ហង្ស សុភាព ចុះផ្សាយម្តងហើយម្តងទៀត ករណីជនសង្ស័យកាប់ស្ត្រីមេម៉ាយក្រីក្រ និងកូនស្រី២នាក នៅតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ថាជនដៃដល់ ជនរងគ្រោះស្គាល់ ត្រូវបានសមត្ថកិច្ចដោះលែង ដោយពុំបានជូនដំណឹងទៅក្រុមគ្រួសារជនរងគ្រោះ។ ជននោះឈ្មោះ ឆាយ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ កំណើតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បច្ចុប្បន្នមកយកប្រពន្ធ នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ចបានបញ្ជាក់ទៅលោក ហង្ស សុភាព ថា រឿងខាងលើមិនពាក់ព័ន្ធនឹង ឆាយ សំណាង ទេ ជនល្មើសជាអ្នកផ្សេង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ មិនគួរផ្សាយដោយពុំមានមូលដ្ឋានច្បាស់លាស់ ទេ ព្រោះប៉ះពាល់ដល់នីតិវិធីក្នុងការស៊ើបអង្កេត និងសិទ្ធិអ្នកដទៃ។
ហង្ស សុភាព មិនព្រមស្តាប់ទេ នៅតែផ្សាយវាយប្រហារមកលើសមត្ថកិច្ចយ៉ាងចាស់ដៃ ថែមទាំងបានចុះសម្ភាសន៍ដល់ផ្ទះជនរងគ្រោះ ដោយបានតាំងសំណួរនាំមុខ ធ្វើយ៉ាងណាទម្លាក់កំហុសទៅលើឈ្មោះ ឆាយ សំណាង។ មិនតែប៉ុណ្ណោះ គេបានទូរស័ព្ទផង និងសួរតាម តេឡេក្រាមផង អំពីចំណាត់ការរបស់នគរបាល ហាក់ដូចជារូបគេជាព្រះរាជអាជ្ញា ដឹកនាំការស៊ើបអង្កេតលើមន្ត្រីនគរបាលយុត្តិធម៌ និងញុះញង់ជនរងគ្រោះឲ្យប្តឹងមកលើសមត្ថកិច្ច ព្រមទាំងឲ្យថ្នាក់ដឹកនាំដាក់ពិន័យមកលើមន្ត្រីស៊ើបអង្កេត ឬប្រឈមនឹងអំពើពុករលួយតែម្តង ជាពិសេសធ្វើឲ្យបាត់ជំនឿយ៉ាងធ្ងន់ធ្ងរពីមហាជនទូទៅ ចំពោះកងកម្លាំងនគរបាលជាតិ។
តាមពិតជនល្មើសពិតប្រាកដ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី សមត្ថកិច្ចបានចាប់ខ្លួនហើយ ជននេះឈ្មោះ ផេង សន ហៅចយ ភេទប្រុស កើតឆ្នាំ២០០០ នៅភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរគ្មាន ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។ ក្រោយចាប់ខ្លួនជនល្មើស ផេង សន ហៅចយ បានសារភាពថា នៅម៉ោងមួយយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រូបខ្លួនពិតជាបានប្រព្រឹត្តមែន ព្រមទាំងរឹបអូសយកបានទូរស័ព្ទទាំងបីគ្រឿង ជារបស់ជនរងគ្រោះ ដែលផ្ទុយស្រឡេះពីការចោទប្រកាន់របស់ជនរងគ្រោះ និងអ្នកកាសែត ហង្ស សុភាព។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ហង្ស សុភាព ភេទប្រុសកើតឆ្នាំ ១៩៧៩ លំនៅអចិន្ត្រៃយ៍ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាអ្នកកាសែត VD7 , FK , NEWS , TVB ដែលចុះផ្សាយបង្កាច់បង្ខូចកិត្តិយសសមត្ថកិច្ចយ៉ាងចាស់ដៃ គឺជាការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលមានចែង ក្នុងមាត្រា ៤៩៥ និងបរិហារបង្កាច់កេរ្តិ៍ ដែលមានចែងក្នុងមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌ។ ដូច្នេះសមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់។
រឿងយុត្តិធម៌មួយត្រូវបានរកឃើញជូនក្រុមគ្រួសារជនរងគ្រោះវិញ និងបានផ្តល់កិត្តិយសត្រឡប់ទៅដល់អ្នកដែលមិនបានប្រព្រឹត្តិ ប៉ុន្តែត្រូវទទួលរងនូវការចោទប្រកាន់ ឥឡូវនេះ រកយុត្តិធម៌ឃើញហើយ។ នេះជាសេចក្តីបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្រោយពីនគរបាលខេត្ត បំបែកបានសំណុំរឿង បញ្ចប់ការស៊ើបអង្កេតលើ ករណីកាប់ប្រហារទៅលើក្រុមគ្រួសារមួយ ដែលជាស្ត្រីមេម៉ាយ រួមនឹងកូនស្រីទាំងពីរ កាលពីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅភូមិតាឡង់ ឃុំត្នោតចង់ស្រុង ស្រុកបន្ទាយមាស ខេត្តកំពត ហើយបច្ចុប្បន្ន សមត្ថកិច្ចបានបង្ក្រាបនិងឃាត់ខ្លួនជនដៃដល់បានហើយ ឈ្មោះផេង សន ហៅចយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ព្រមទាំងដកហូតទូរស័ព្ទចំនួន៣គ្រឿង របស់ជនរងគ្រោះបានមកវិញផងដែរ កាលពីរសៀលថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា យុត្តិធម៌ និងកិត្តិយសត្រូវបានផ្តល់ដល់ប្អូនប្រុសម្នាក់ ឈ្មោះឆាយ សំណាង អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលទទួលរងនូវការចោទប្រកាន់ក្នុងរឿងនេះ និងសូមឲ្យពលរដ្ឋជឿទុកចិត្ត និងផ្តល់ពេលវេលាដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវតាមជំនាញ៕