ធ្វើចត្តាឡីស័កចំពោះកម្មករ រោងចក្រជាង៨០០នាក់ រយៈពេល១៤ថ្ងៃ មុនពេលអនុញ្ញាតឲ្យចូលបម្រេីការងារវិញនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹង ស្តីពី ចត្តាឡីស័កសុខាភិបាល រយៈពេល១៤ថ្ងៃ មុនពេលអនុញ្ញាតឲ្យចូលបម្រេីការងារវិញនៅខេត្តព្រះសីហនុ។
តាមរយៈស្ថិតិតាមដានវត្តមានកម្មករនិយោជិត ក្នុងខេត្តព្រះសីហនុប្រចាំថ្ងៃ គិតចាប់ពីថ្ងៃទី១០–១៦ ខែមេសា ឆ្នាំ២០២០ មានកម្មករនិយោជិតអវត្តមានទាំងមានច្បាប់ ទាំងគ្មានច្បាប់អនុញ្ញាត សរុបចំនួន៨៤៤នាក់ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អវត្តមាន៥៣៧នាក់ តំបន់សេដ្ឋកិច្ចពិសេសខេបូឌាន ចេជាំង អវត្តមានចំនួន៣៧នាក់ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ អវត្តមានចំនួន១៤នាក់ និងរោងចក្រក្រៅតំបន់សេដ្ឋកិច្ចពិសេស និងវិស័យផ្សេងៗ អវត្តមានចំនួន២៥៨នាក់។
សូមលោក លោកស្រីនាយក ម្ចាស់ ឫតំណាងសហគ្រាសគ្រឹះស្ថានទាំងអស់ម្ចាស់ផ្ទះជួល និងបងប្អូនកម្មករនិយោជិតខ្លួនឯងផ្ទាល់សហការអនុវត្តវិធានការនេះអោយមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ចាក់៖ មណ្ឌលដាក់ខ្លួនឲ្យដាច់ដោយឡែក ចត្តាឡីស័កសុខាភិបាល រយៈពេល១៤ថ្ងៃ មានទីតាំងស្ថិតនៅបរិវេណ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា–ចិន (ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) ៕