ឆ្មក់ចូលរោងចម្លាក់មួយកន្លែង រកឃើញភ្លុកដំរី ឆ្អឹងខ្លា ធ្មេញខ្លា ស្រកាសត្វពង្រូល សត្វសេះសមុទ្រនិងចាប់ខ្លួនមេឈ្មួញជាជនជាតិចិនម្នាក់
ភ្នំពេញ៖ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ បានបង្ហាញពីភាពខ្មៅងងិតនៃការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសកម្ពុជា ដោយបានឆ្មក់ចូលរោងចម្លាក់មួយកន្លែង ដែលបានសង្ស័យថា កំពុងកាន់កាប់ផលិតផលសត្វព្រៃខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាកម្ពុជារកឃើញភ្លុកដំរី ឆ្អឹងខ្លា ធ្មេញខ្លាស្រកាសត្វពង្រូល សត្វសេះសមុទ្រនិងចាប់ខ្លួនមេឈ្មួញជាជនជាតិចិនម្នាក់ផងដែរ។
អង្គការ Wildlife Alliance Cambodia នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានចេញប្រកាសព័ត៌មានថា ប្រតិបត្តិការឆ្មក់ចាប់ ដែលបានធ្វើឡើង ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីខែមុន បានបង្ហាញពីភាពខ្មៅងងិតនៃការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីទទួលបានសេចក្តីណែនាំ ពីគណៈកម្មការយុត្តិធម៌សត្វព្រៃ ក្រុម WRRT បានឆ្មក់ចូលរោងចម្លាក់មួយកន្លែង ដែលបានសង្ស័យថា កំពុងកាន់កាប់ផលិតផលសត្វព្រៃខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាកម្ពុជា។ ជាលទ្ធផលយើងបានរកឃើញភ្លុកដំរីទម្ងន់៦,៥៨គីឡូក្រាម ឆ្អឹងខ្លាទម្ងន់៥,៥គីឡូក្រាម ធ្មេញខ្លាចំនួន១គ្រាប់ ស្រកាសត្វពង្រូលទម្ងន់១,០៣គីឡូក្រាម និងសត្វសេះសមុទ្រស្លាប់ចំនួន១០៣ក្បាល។ ជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួន និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន៕