ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យ អាជ្ញាធរខណ្ឌមានវិធានការចំពោះរថយន្តដឹកដីដែលបានបំភ្លេចបំផ្លាញផ្លូវនិងទប់ស្កាត់ការចាក់ដីរំលោភយកដីប្រជាពលរដ្ឋ

110
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌត្រូវតែមានវិធានការចំពោះរថយន្តដឹកដីដែលបានបំភ្លេចបំផ្លាញផ្លូវនិងជម្រុញអោយក្រុមហ៊ុនទាំងនោះជួសជុលផ្លូវសងវិញ។
   លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថាចំពោះការដឹកដីចាក់បំពេញនានាដាច់ខាតត្រូវតែមានច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ ហើយការចាក់បំពេញនោះដែរ ម្ចាស់ដីត្រូវតែមានកម្មសិទ្ធិត្រឹមត្រូវផងដែរ ចៀសវាងនូវបញ្ហាដែលកើតឡើងជុំវិញការចាក់រំលោភយកដីប្រជាពលរដ្ឋបង្កឲ្យមានទំនាស់ ដី ធ្លីកើតឡើង ។
   លោកឃួងស្រេង បានបន្តទៀតថា ការធ្វើដូច្នេះ គឺដើម្បីទប់ស្កាត់នូវទំនាស់ដីធ្លីដែលតែងតែកើតមានជាហូរហែកន្លងមក ដោយសារអ្នកខ្លះមានអំណាច ចាក់ដីបនំពេញរំលោភយកដីប្រជាពលរដ្ឋ បង្កអោយមានទំនាស់ ហើយត្រូវបានអាជ្ញាធរប្រឈមនិងការដោះស្រាយរហូតមក។
     លោកបន្តថា ដើម្បីឲ្យមានទឡ្ហីករណ៍ច្បាស់លាស់ជុំវិញការដឹកដីបំផ្លាញផ្លូវសាធារណៈនេះ យើងត្រូវតែមានវិធានការចំពោះក្រុមហ៊ុនដែលដឹកដីបំផ្លាញផ្លូវ គឺតម្រូវឲ្យក្រុមហ៊ុនទាំងនោះធ្វើការជួសជុលឡើងវិញ មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ហើយទីតាំងដីដែលត្រូវចាក់បំពេញនោះក៏ត្រូវតែមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវផងដែរ។
   លោកអភិបាលបានបន្តទៀតថា មហាវិថី៦០ម៉ែត្រឬមហាវិថីសម្ដេចតេជោហ៊ុនសែន គឺមិនត្រូវឲ្យមានការបំផ្លិចបំផ្លាញដោយសារការដឹកដីឆ្លងកាត់នោះទេ ដោយសារតែផ្លូវនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ឲ្យដឹងហើយថា កំណាត់មហាវិថី៦០ម៉ែត្រឬមហាវិថីសម្ដេចតេជោហ៊ុនសែននេះគឺជាផ្លូវដែលអាចចុះចត យន្តហោះបាន នៅពេលដែលមានអាសន្នកើតឡើង ដូច្នេះទេត្រូវថែទាំអោយបានស្អាត។
  ពាក់ព័ន្ធនឹងវិធានការនេះ អភិបាលរាជធានីភ្នំពេញបានជំរុញអោយអាជ្ញាធរខណ្ឌពិសេសចំពោះអាជ្ញាធរខណ្ឌមានជ័យត្រូវតែមានវិធានការម៉ឺងម៉ាត់ចំពោះការដឹកដីបំផ្លិចបំផ្លាញផ្លូវសាធារណៈនេះ។
   ការលើកឡើងនិងណែនាំដល់អាជ្ញាធរខណ្ឌខាងលើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីអំឡុងពេលចូលឆ្នាំថ្មីកន្លងមកនេះនៅសាលារាជធានីភ្នំពេញ ហើយក្នុងកិច្ចប្រជុំនោះលោកអភិបាលរាជធានីភ្នំពេញក៏បាន ជម្រុញអោយលុបបំបាត់ហ្គេមគ្រប់ប្រភេទផងដែរ សូម្បីតែហ្គេមសម្រាប់ក្មេងលេងក៏ដោយសំដៅធ្វើយ៉ាងណាជៀសវាងអោយបាននូវការជួបជុំ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ_១៩៕
អត្ថបទដែលជាប់ទាក់ទង