ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាញ់ប្រហារ​នៅ​កាណាដា ស្លាប់​១៣​នាក់​ស្លាប់ រួមទាំង​មន្ត្រីប៉ូលិស​

117

 

ករណី​បាញ់ប្រហារ បាន​កើតមានឡើង​នៅក្នុង​ខេត្ត ណូ​វ៉ា ស្កូ​ត្យា (Nova Scotia) នៃ​ប្រទេស​កាណាដា នា​ថ្ងៃអាទិត្យ ទី​១៩ ខែមេសា បង្ក​ឲ្យ​មនុស្ស​រហូតដល់ ១៣​នាក់​ស្លាប់ ក្នុងនោះ​រួមមាន​ទាំង​មន្ត្រីប៉ូលិស​កាណាដា​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ​២០២០​។​

​អាជ្ញាធរខេត្ត Nova Scotia បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃអាទិត្យ ដោយ​បញ្ជាក់​អំពី​ហេតុការណ៍​បាញ់ប្រហារ មិន​ធ្លាប់​កើតមាន នៅក្នុង​ប្រវត្តិសាស្ត្រ​ខេត្ត​នេះ ដោយ​វា​បានកើត​ឡើង នៅ​តំបន់​ផ្សេងៗ​គ្នា​ទូទាំង​ខេត្ត និង​ត្រូវបាន​អូសបន្លាយ​រយៈពេល ១២​ម៉ោង​ឯណោះ​។ ប៉ូលិស​កាណាដា​បាន​ឲ្យ​ដឹង​ទៀតថា ការបាញ់ប្រហារ​ដំបូង ត្រូវបាន​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ហ្គា​ប្រ៊ី​អ៊ែ​ល វ៉​ត​មែន (Gabriel Wortman) អាយុ ៥១​ឆ្នាំ ស្ថិតនៅ​ស្រុក ផត​ថា​ភី​ក (Portapique) ចម្ងាយ ១៣០​គីឡូម៉ែត្រ​ពី​ទីក្រុង ហា​លី​ហ្វាក់ (Halifax) នៃ​ខេត្ត Nova Scotia​។​

​ប៉ូលិស​កាណាដា​បានទទួល​ការហៅ​ទូរស័ព្ទ​សុំ​អន្តរាគមន៍​បន្ទាន់​ពី​ប្រជាជន រួច​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃើញ​សាកសព​ប្រជាជន​មួយចំនួន រួចទៅហើយ​។ បន្ទាប់មកទៀត​ក៏​កម្លាំង​ប៉ូលិស​បាន​តាមដាន និង​ធ្វើ​ការបាញ់​តបត​ជាមួយ​ខ្មាន់កាំភ្លើង​ខាងលើ ដែល​នាំ​ឲ្យ​ប៉ូលិស​ស្រី​ម្នាក់​បាត់បង់​ជីវិត និង​ប៉ូលិស​ម្នាក់ទៀត​ជា​បុរស​បាន​រងរបួស​។ ជា​ចុងបញ្ចប់ ក្រោយ​ការ​ប្រដេញ​តាម​គ្នា​អស់​ជាច្រើន​ម៉ោង ខ្មាន់កាំភ្លើង​ត្រូវបាន​បាញ់សម្លាប់ នៅក្បែរ​កា​រ៉ា​ស់​សាំង​មួយកន្លែង ដែលមាន​ចម្ងាយ​ប្រមាណ ៣៥​គីឡូ​ម៉េ​ត្រ​ពី​ទីក្រុង Halifax​។​

​គួរ​បញ្ជាក់ថា ចំពោះ​ដើមចម​ដែល​បាន​បង្ក​ករណី​បាញ់ប្រហារ​ខាងលើនេះ​ឡើង គឺ​មិនទាន់​ត្រូវបាន​បញ្ជាក់​នោះឡើយ ហើយ​បើតាម​ការ​ស៊ើបសួរ​ជាបឋម ជនរងគ្រោះ​មួយចំនួន ដូចជា​មិនដែល​ស្គាល់​ខ្មាន់កាំភ្លើង​ខាងលើ​នេះឡើយ​។ អភិបាលខេត្ត Nova Scotia លោក ស្ទេ​ហ្វិ​ន ម៉ាក​ណែ​ល (Stephen McNeil) បានចាត់ទុក​ករណី​បាញ់ប្រហារ​នេះ ជា​អំពី​ហិង្សា​ដ៏​អកុសល​បំផុត មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខេត្ត​៕

អត្ថបទដែលជាប់ទាក់ទង