ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិ​លេខ​១១ ប្រវែង​៩៦​គីឡូម៉ែត្រ​សាងសង់​បាន​ជាង ៩០ ភាគរយ​ហើយ 

100

 

​ព្រៃវែង​៖ ផ្លូវជាតិ​លេខ​១១ ប្រវែង​៩៦​គីឡូម៉ែត្រ ត​ភ្ជាប់​រវាង​ខេត្តព្រៃវែង​ត្រង់ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​១ (​អ្នក​លឿង​) និង​ខេត្ត ត្បូងឃ្មុំ ត្រង់ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​៧ (​ថ្នល់ទទឹង​) ក្រាល​បេតុង​កៅស៊ូ​AC គិត​ត្រឹម​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ សម្រេចការ​សាងសង់​បាន​ចំនួន ៩១,១៤ ភាគរយ​ហើយ​។​

​នៅ​ព្រឹក​ថា​ថ្ងៃ​ចន្ទ ទី​៤ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​គណៈ ប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព ការងារ សាងសង់​ផ្លូវជាតិ​លេខ​១១ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​គោលបំណង​នៃ​ការចុះពិនិត្យ​នេះ គឺ​ដើម្បី​មើល​ចំណុច​ខ្វះខាត​ដែល​នៅ​សេសសល់ ក៏ដូចជា​បញ្ហា​បច្ចេកទេស​មួយចំនួន ទាក់ ទង​នឹង​ការសាងសង់ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ធ្វើការ​កែសម្រួល បំពេញបន្ថែម​លក្ខណៈ​បច្ចេកទេស ឱ្យបាន​ត្រឹមត្រូវ និង​ស្របតាម​សៀវភៅ​បន្ទុក សំដៅ​ធ្វើឱ្យ​ផ្លូវ​នេះ​មាន គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​៩៦​គីឡូម៉ែត្រ ក្នុងនោះ​រួមមាន​៖ ផ្លូវ​មេ​ប្រវែង ៨៦,៨០៨​គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង ក្រុង​ព្រៃវែង​ប្រវែង ៩,១៩៤​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​លេខ​៤ ឃុំ ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ ស្លាប ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥​សង់ទីម៉ែត្រ ទទឹង​តួ​ផ្លូវ ១១ ម៉ែត្រ និង​បំពាក់​ដោយ​ផ្លាកសញ្ញា​ចរ​ចរណ៍ គូស​គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដងផ្លូវ​ផងដែរ​។​

​កំណត់​ផ្លូវ​នេះ​ជា​កំណត់ ផ្លូវ​សេដ្ឋ កិច្ច​សំខាន់​មួយ ដែល ចាំបាច់​ត្រូវ ពង្រីក ដើម្បី សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​បន្ថែម ទៀត​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​។​

​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន (WACC) ចំណាយ​ទឹកប្រាក់​ចំនួន ៩៨.៣៨៨.០០០ ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ ប្រជាមានិត​ចិន ចំណាយ​រយៈពេល​សាងសង់​ចំនួន​៤៤​ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ចុង ឆ្នាំ​២០២០ ។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ ផ្លូវ​នេះ សម្រេច បាន ៩១,១៤​ភាគរយ​ហើយ​។

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងឱកាស​ចុះ​ពិនិត្យ​ផ្លូវ​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដែលជា​បញ្ហា​សកល​យ៉ាងណាក្ដី សកម្មភាព​សាងសង់​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង​ស្ពាន​នៅតែមាន​ដំណើរការ​ធម្មតា​ដដែល លើកលែងតែ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ដោយសារ​ការមកដល់​នៃ​គ្រឿង​ក្រុម​ភាពយឺតយ៉ាវ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ឆ្លងតាម​ការត្រួតពិនិត្យ​គុណភាព​ផ្លូវ​មួយរយៈ​កន្លងមក ផ្លូវជាតិ​លេខ​១១ ផ្លូវជាតិ​លេខ​៣ ជាដើម មានគុណ​ភាព​តាម​ស្តង់ដារ និង​គោរព​តាម​លក្ខណៈ​បច្ចេកទេស និង​សៀវភៅ​បន្ទុក គឺ​មិនមែន​ចាក់​ស្ដើង​ស៊ី​ក្រាស ចាក់​ក្រាស​ស៊ី​ស្តែង​ឡើយ​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ដល់​ក្រុមហ៊ុន​សាងសង់​ទាំងឡាយ ប្រសិនបើ​មិន​ចង់​សាងសង់​ឡើងវិញ ឬ​ចូលក្នុង​បញ្ជីខ្មៅ​ទេ ត្រូវ​សាងសង់​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ជាដាច់ខាត​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា សម័យ​តេ​ជោ​សែន ផ្លូវត្រូវ​បាន​ត​ភ្ជាប់​គ្រប់​ច្រកល្ហក​ទាំង​ក្នុងប្រទេស និង​ក្នុង​តំបន់ ពោលគឺ​យើង​អាចធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​ដោយ​មិនចាំបាច់​ត្រឡប់​ថយ​ក៏បាន​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ឱ្យចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ថែរក្សា​សម្បត្តិ​ជាតិ​យើង ជាពិសេស​អ្នក​ដែលមាន​លំនៅឋាន​នៅតាម​បណ្ដោយ​ផ្លូវជាតិ សូមកុំ​បំពាន​ដី​ចំណីផ្លូវ ត្រូវគោរព​តាមច្បាប់ និង​មិនត្រូវ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង