ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកណុប ចាន់ណារិន្ទ អំពាវនាវឲ្យប្រជាពលរដ្ឋ សូមកុំបន្តធ្វើចំណាកស្រុករកការងារធ្វើ ដើម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩ និងដើម្បីធានាបានជីវភាពរស់នៅប្រចាំថ្ងៃគ្រួសារអ្នក

131

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ណុប ចាន់ណារិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអំពានាវឲ្យប្រជាពលរដ្ឋសូម ផ្អាកបន្តការធ្វើចំណាកស្រុកទៅធ្វើការងារនៅតំបន់ផ្សេង និងទៅក្រៅប្រទេស ព្រោះជំងឺកូវីដ-១៩ មិនទាន់រលាយចេញពីផែនដីយើង នៅឡើយទេ ។
លោក ណុប ចាន់ណារិន្ទ បានបន្តថា ការអនុវត្តបែបនេះ មានអត្ថប្រយោជន៍សំរាប់ខ្លួនឯងផង និងគ្រួសារផង ដូចជា ទប់ស្កាត់ បានការចំលងកូវីដ-១៩ និងធានាបាននូវការគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃ មិនលំបាកបង៉ថ្លៃឈ្នួលផ្ទះ ឬរកការងារធ្វើនោះឡើយ ។ ព្រោះប្រទេសយើង ជាប្រទេសកសិកម្ម និងម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការគ្រប់យ៉ាង ដោយមិនឲ្យពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសាដាច់ស្បៀងមិនបានដឹងនោះឡើយ ។
ការលើកឡើងរបស់លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាពេលនេះ បានធ្វើឡើងក្នុងឱកាសចុះជួបដោយផ្ទាល់ជាមួយប្រជាជនខ្វះខាតស្បៀងដោយឥទ្ធិពលកូវីដ-១៩ ចំនួន ៦០គ្រួសារ មកពី៥ភូមិ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសគរាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។
លោក ណុប ចាន់ណារិន្ទ បញ្ជាក់ជូនពលរដ្ឋថា បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយក្រុមការងារគណបក្សចុះជួយសង្កាត់កោះដាច់ បានតាមដានជាប់ជាប្រចាំ នូវរាល់ជីវភាពរស់នៅរបស់បងប្អូន និងធ្វើជំរឿនតាមខ្នងផ្ទះ ស្វែងរកអ្នកខ្វះខាតដោយទទួលឥទ្ធិពលពីកូវីដ-១៩ ដូចជាអ្នកបាត់បង់ការងារនៅតាមវិស័យឯកជន ហើយខ្វះខាតជីវភាពពិតប្រាកដ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ។ ជាក់ស្តែងដូចបងប្អូន ដែលនៅនេះស្រាប់ គឺរដ្ឋបាលសង្កាត់កោះដាច់ ក្រុមការងាររាជរដ្ឋាភិបាល ព្រះសង្ឃ ពលរដ្ឋដែលមានជវភាពីធូរធារ និងក្រុមហ៊ុនមួយចំនួន បានចូលរួមជាថវិកា សម្ភារៈ ដើម្បីចែករំលែកដល់ការខ្វះខាតរបស់បងប្អូន ។
បើតាមរបាយការណ៍របស់លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការយល់ដឹងពីផលប៉ះពាល់នៃជម្ងឺឧតត្បាតកូវីដ-១៩ រួមផ្សំ នឹងការចុះផ្សព្វផ្សាយជាប់ជាប្រចាំស្តីពីសេចក្តីជូន ដំណឹងរបស់ក្រសួងសុខភិបាល បានធ្វើឲ្យយើងបញ្ជៀសបាននូវការរឆ្លង ឬកើតកូវីដ-១៩ បានទាំងស្រុង ។
នៅក្នុងរបាយការណ៍របស់លោក ប៉ាត់ អ៊ែល ដដែលបានឲ្យដឹងថា មកដល់ពេល នេះក្រុមការងារ និងរដ្ឋបាលសង្កាត់ បានផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតដោយឥទ្ធិពលកូវី-១៩ មានចំនួន១៤០គ្រួសារ ក្នុងចំនួនប្រាំភូមិទូទាំងសង្កាត់ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ និងរដ្ឋបាលសង្កាត់នៅតែបន្តចែកទៀត រហូតដល់ជំងឺផ្លូវដង្ហើម កូវីដ-១៩ ចេញផុតពីផែនដី ។ លោកថា ប្រសិនបើបងប្អូន ណាមានការខ្វះខាតស្បៀងសូមអញ្ចើញមករករដ្ឋបាលសង្កាត់ជាបន្ទាន់ ដើម្បីដោះស្រាយជូនដោយឥតគិតថ្លៃ ។
អំណោយដែលប្រជាពលរដ្ឋទទួលពី ក្រុមការងារនាថ្ងៃនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិការ២ម៉ឺនរៀល ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះលោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាបាលចុះជួយរាជធានីភ្នំពេញ ដោយក្តីនឹករលឹក បើទោះជា សម្តេចទាំងពីរមិនបានចុះមកដោយផ្ទាល់ក៏ដោយ តែលោកបានផ្តាំផ្ញើឲ្យរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងារគ្រប់ទីកន្លែងឲ្យយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយតម្រូវការឲ្យបានទាន់ពេលវេលា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង