ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីណែនាំ អោយអាជ្ញាធរ ខណ្ឌទាំង១៤បន្តការផ្សព្វផ្សាយ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ បើទោះបីនៅកម្ពុជាមកដល់ពេលនេះ មិនមានការរីករាលដាលបន្តទៀតក៏ដោយ

77

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ត្រូវតែបន្តការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩អោយបានខ្លាំងក្លាបន្តទៀត បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជាមកដល់ពេលនេះ មិនមានការរីករាលដាលនៃការឆ្លងបន្តពីជំងឺនេះ ហើយអ្នកដែលបានឆ្លងជំងឺកូវីដ១៩ទាំងជាង១០០នាក់ក៏បានជាសះស្បើយ នៅសល់តែម្នាក់ក៏ដោយ។

  ការងារណែនាំបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ក្នុងឪកាសដែលលោកអភិបាលទទួលសម្ភារៈការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ពីអង្គការការីតាសកម្ពុជា នៅសាលារាជធានីភ្នំពេញ។

  ក្នុងឱកាសនោះ លោកឃួង ស្រេងបានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមកនេះ។

   លោកបន្តថា មកដល់ពេលនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អ្នកដែលឆ្លងនូវជំងឺកូវីដ១៩បានជាសះស្បើយអស់ហើយ គឺនៅសល់តែម្នាក់គត់ ហើយក៏គ្មាននរណាម្នាក់បានស្លាប់ដោយជំងឺ កូវីដ១៩នេះដែរ ក្នុងស្ថានភាពបែបនេះ ឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់ដូចជា បាត់បង់នូវភាពភ័យខ្លាចចំពោះការឆ្លងរាលដាលនៃជម្ងឺ កូវីដ១៩ នេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធរ ដែលជាម៉ែ ជាឪប្រជាពលរដ្ឋ យើងនៅតែបន្តការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត ជុំវិញការបង្ការទប់ស្កាត់នូវជំងឺ កូវីដ១៩នេះ ដូច្នេះទេក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ត្រូវតែបន្តការផ្សព្វផ្សាយអំពីការទប់ស្កាតការបង្ការនៃជំងឺកូវីដ១៩ ទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមទីផ្សារទាំងរដ្ឋនិងឯកជន ដើម្បីបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល បើទោះបីនៅពេលនេះ យើងឃើញថា ជម្ងឺកូវីដ១៩នេះមិនមានការរីករាលដាលបន្តទៀតក៏ដោយ។

  គួរបញ្ជាក់ថាសំរាប់ព្រឹកថ្ងៃទី១៣ខែឧសភានេះអង្គការការីតាសកម្ពុជាបានផ្ដល់នូវសម្ភារៈមួយចំនួនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការការពារនិងប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាជម្ងឺកូវីដ១៩ ដែល ក្នុងនោះសម្ភារៈដែលត្រូវទទួលជូនរួមមាន សាប៊ូចំនួន៧០០០ដុំ ម៉ាស់ចំនួន ៧០០ ប្រអប់ អាកុលចំនួន១៤០០លីត្រ ប័ណ្ណផ្សព្វផ្សាយចំនួន៥៦០០សន្លឹក ដើម្បីចែកជូនបន្តទៅរដ្ឋបាលខណ្ឌទាំង១៤ ដែលក្នុង១ខណ្ឌៗទទួលបានសាប៊ូចំនួន ៥០០ដុំ ម៉ាកចំនួន៥០ ប្រអប់ អាកុលចំនួន១០០លីត្រនិងប័ណ្ណផ្សព្វផ្សាយចំនួន៤០០សន្លឹក៕

 

អត្ថបទដែលជាប់ទាក់ទង