ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងត្បូង​បើក​សាលា​ឲ្យ​សិស្ស​ចូលរៀន​វិញ ខណៈ​អត្រា​ឆ្លង COVID-19 ស្ថិតក្នុង​កម្រិត​ទាប​បំផុត​

94

 

​និស្សិត​រាប់សែន​នាក់​ក្នុងប្រទេស​កូរ៉េខាងត្បូង​បាន​វិលត្រឡប់​ទៅ​សាលារៀន​វិញ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​គ្រឹ​ស្ថាន​អប់រំ​បាន​បើក​ឡើងវិញ បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជាង ២​ខែ​ដោយសារ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​សិស្ស​ទាំងអស់​បាន​តម្រង់​ជួរ ដើម្បី​ពិនិត្យ​កម្តៅ និង​ត្រូវគេ​ផ្តល់​ទឹក​លាង​សម្អាត​ដៃ ខណៈ​ពួកគេ​ដើរចូល​ក្នុង​បរិវេណ​សាលា ចំណែក​លោកគ្រូ អ្នកគ្រូ​បាន​ស្វាគមន៍​ការវិលត្រឡប់​របស់​ពួកគេ​ដោយ​ស្នាមញញឹម​។​

​កូរ៉េខាងត្បូង​គឺជា​ប្រទេស​ទី ២ បន្ទាប់ពី​ចិន​ដែលមាន​ការផ្ទុះ​វីរុស​ខ្លាំង​បំផុត​ដំបូងបង្អស់ បណ្តាល​ឲ្យ​មន្ត្រី​បានធ្វើការ​ពន្យារពេល បើក​សាលារៀន​ឡើងវិញ ដែល​គ្រោង​នៅ​ដើមខែ​មិនា​។​

​ប៉ុន្តែ​ប្រទេស​នេះ បាន​គ្រប់គ្រង​ការផ្ទុះ​វីរុស​យ៉ាង​ល្អ ដោយសារតែ​មានកម្ម​វិធី​តាមដាន ធ្វើតេស្ត និង​ព្យាបាល​យ៉ាង​ទូលំទូលាយ​។​

​មាន​សិស្ស​ចំនួន ៤៤០.០០០​នាក់​កំពុង​រៀន​នៅ​ថ្នាក់​ចុង​បញ្ជ​ប់ ហើយ​ពួកគេ​នឹងត្រូវ​ប្រឡង​ចូល​សកល​វិទ្យាល័យ​ក្នុង​ខែធ្នូ ដែល​ពួកគេ​ទាំងនេះ បាន​វិលត្រឡប់​ចូលរៀន​មុនគេ​។​

​នៅក្នុង​ថ្នាក់រៀន សិស្ស​ទាំងអស់​ត្រូវបាន​ដាក់​ឲ្យ​នៅ​អង្គុយ​ឆ្ងាយ​ពីគ្នា​តាម​ការណែនាំ​គម្លាត​សង្គម​។​

​រដ្ឋមន្ត្រី​អប់រំ លោក Yoo Eun-hae បាន​និយាយថា “​ការព្រួយបារម្ភ​ពី​ការឆ្លង​ជា​ក្រុម​តូចៗ​នៅតែមាន ហើយ​គ្មាន​នរណាម្នាក់​អាច​ទាយ​ដឹងថា​នឹងមាន​ស្ថានភាព​អ្វី​កើតឡើង​នៅ​សាលា​នោះទេ​”​។​

​លោក​បន្ថែមថា ក្រសួង​អប់រំ​បានចាប់ផ្តើម​ប្រតិបត្តិការ​បន្ទាប់ ២៤​ម៉ោង​ក្នុង​សប្តាហ៍​នេះ ហើយ​ប្រសិនជា​សាលា​ណា​មានការ​រាយការណ៍​ពី​ការឆ្លង សាលា​នោះ​នឹងត្រូវ​បិទ​ភ្លាមៗ​តែម្តង​។​

​សូមបញ្ជាក់ថា កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន ១១.១១០​នាក់ ដោយ​ក្នុងនោះ​មាន ១០.០៦៦​នាក់​បានជា​សះស្បើយ ខណៈ ២៦៣​នាក់​បាន​ស្លាប់​៕


អត្ថបទដែលជាប់ទាក់ទង