ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការនីតិកម្មរដ្ឋសភា ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

45

ភ្នំពេញ៖ បន្ទាប់ពីបានសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានបន្ថែមថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
ឯកឧត្តមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើត ឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់ បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀត ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានស្នើដល់សមាជិកគណៈកម្មការ ពិនិត្យ និងសិក្សាទៅលើសេចក្តីព្រាងច្បាប់នេះឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗនេះ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង