ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុស​ស្រី​២​នាក់ លង់​ស្លាប់ ពេលទៅតាម​ឪពុក បង់សំណាញ់ ធ្លាក់ចូល​ទឹក​ត្រពាំង 

6

​កណ្ដាល ៖ ឪពុក​បង្កើត​របស់​ជ​ន​រងគ្រោះ បាន​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ត្រពាំង​អង្គ ហើយ​កូនប្រុស និង​ក្មួយ​ស្រី​បង្កើត ក៏​ទៅតាម​ដែរ ខណៈពេល​ឪពុក​ជនរងគ្រោះ បាន​បង់សំណាញ់​នៅ​ខាងជើង​ត្រពាំង​អង្គ ហើយ​កូនប្រុស និង​ក្មួយ​ស្រី លេង​ទឹក​នៅ​ខាងត្បូង បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់​។​

​នគរបាល​ជំនាញ​ស្រុក​ស្អាង សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្អាង​ភ្នំ ចុះ​ពិនិត្យ​សាកសព​ក្មេងប្រុស​ស្រី​២​នាក់ ក្រោយពី​មាន​ករណី​លង់ទឹក​បណ្ដាល​ឲ្យ​ស្លាប់ នៅវេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ត្រពាំង​អង្គ ស្ថិតនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​មន្ដ្រីនគរបាល​ផ្នែក​កោសល្យវិច័យ​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​មាន​២​នាក់ ទី​១ ឈ្មោះ ខុំ វ៉ាន់ ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង មាន ឪពុក​ឈ្មោះ ញ៉ សុខុម អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និង​ម្ដាយ​ឈ្មោះ នាង ជ្រឿ​ន អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី​រោងចក្រ និង​ទី​២ ឈ្មោះ ធូ ណា​រី ភេទ​ស្រី អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង មាន​ឪពុក​ឈ្មោះ ធី ចាន់ធូ អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក និង​ម្ដាយ​ឈ្មោះ ញ៉ គៀង អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី​រោងចក្រ ។​

​ប្រភព​ដដែល​បន្ដថា នៅ​ថ្ងៃកើតហេតុ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​វេលា​ម៉ោង​១៦​និង​១៤​នាទី ឪពុក​បង្កើត​របស់​ជ​ន​រងគ្រោះ បាន​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ត្រពាំង​អង្គ ហើយ​កូនប្រុស និង​ក្មួយ​ស្រី​បង្កើត​ក៏​ទៅតាម លុះដល់​ត្រពាំង​អង្គ ឪពុក​ជនរងគ្រោះ​ក៏បាន​បង់សំណាញ់​នៅ​ខាងជើង​ត្រពាំង​អង្គ ហើយ​កូនប្រុស និង​ក្មួយ​ស្រី​លេង​ទឹក​នៅ​ខាងត្បូង ។ បាន​មួយសន្ទុះ​ក្រោយមក ក្មេងប្រុស​ស្រី​រងគ្រោះ​ទាំង​២​នាក់​បាន​ធ្លាក់ទឹក ចូលក្នុង​ត្រពាំង ភ្លាមនោះ​ឪពុក​បាន​ក្រឡេកមើល​ខាងត្បូង​ឃើញ​កូន​លង់ទឹក ក៏​រត់​មកជួយ​កូន ប៉ុន្តែ​ទម្រាំ​មកដល់ ឪពុក​ទន់​ជើង​ស្លុត​ស្មារតី បាន​ឈរ​មើល​ហើយ​ស្រែកយំ ឲ្យ​គេ​ជួយ​កូនប្រុស និង​ក្មួយ​ស្រី ។ បាន​សន្ទុះ​ក្រោយមក មាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ រត់​ជួយ​ហើយ​ទម្រាំ​រកឃើញ​ប្រហែលជា​កន្លះ​ម៉ោង ទើប​រកឃើញ​ក្មេង​ទាំងពីរ​នាក់ តែ​ជា​អកុសល ស្លាប់​បាត់ទៅហើយ ។​

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​នេះ ក៏​ចុះមក​ធ្វើការ​ពិនិត្យ​សាកសព ដោយ​បញ្ជាក់ថា ក្មេងប្រុស​ស្រី​ទាំង​២​នាក់ ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង