ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ស្នើ​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

88

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែឧសភា​ស្អែក​នេះ ជា​ថ្ងៃ​បញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន ប្រកបដោយ​ជោគជ័យ និង អារម្មណ៍​ជ្រះថ្លា ហើយនឹង​រីករាយ​ស្វាគមន៍​បុណ្យ​រ៉​យ៉ា​ហ្វ៊ី​ទ្រី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អបអរសាទរ និង សូម​ជូនពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​ល្អ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភព លោក ហើយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​គោរព​អនុវត្តបាន យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​សារាចរ​ណែនាំ និង សេចក្ដីណែនាំ​ទៅតាម​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុងនាម​ខ្ញុំ ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភរិយា ខ្ញុំ​សូម​អបអរសាទរ និង សូម​ជូនពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​ល្អ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភព លោក​ផងដែរ ដែល​បានបញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន​ប្រកបដោយ​ជោគជ័យ និង អារម្មណ៍​ជ្រះថ្លា ហើយនឹង​រីករាយ​ស្វាគមន៍​បុណ្យ​រ៉​យ៉ា​ហ្វ៊ី​ទ្រី នៅ​ថ្ងៃអាទិត្យ ទី ១ ខែ ស្ហា​វ៉ាល់ ឆ្នាំ ១៤៤១ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃ ៣​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ដែល​ត្រូវ​នឹង​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០២០ ។​

​សម្តេច បាន​លើកឡើងថា ខ្ញុំ​សូម​ផ្ញើ​នូវ​ក្តី​នឹករលឹក និង អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព រួមគ្នា​នឹង​ប្រជាជន​កម្ពុជា ដែល​ប្រកាន់យក​សាសនា​ផ្សេងៗ ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ និង គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​តរៀងមក ជាពិសេស​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​គោរព​អនុវត្តបាន យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​សារាចរ​ណែនាំ និង សេចក្ដីណែនាំ​ទៅតាម​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ។​

​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​បងប្អូន​បន្ត​អនុវត្តតាម​នូវ​រាល់​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​នេះ ទោះបី​អ្នកជំងឺ​កូ​វីដ​-១៩​បានជា​សះស្បើយ​អស់ ១២២ នាក់​កន្លងមក ហើយ​ទើប​មាន នាំចូល មក​ថ្មី​ពីរ នាក់​ក៏ដោយ ដែល​គិត​ត្រឹម​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ គឺ​យើង​មិនត្រូវ​មានការ​ធ្វេសប្រហែស មើលស្រាល​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ នោះឡើយ ។​

​ខ្ញុំ និង ភរិយា សូម​បួងសួង​ឲ្យ​បងប្អូន​ទាំងអស់ ទទួលបាន​នូវ​សេច​ក្កី​សុខ​ស្លា​ម៉ាត់ ករុណា​រ៉ស់​ម៉ាត់ ចំរើន​ព្ហា​រ៉​កាត់ សុភមង្គល ក្ដីមេត្តា​ករុណា និង អាណិត ស្រឡាញ់​ពី​អ​ល់​ឡោះ​គ្រប់ៗ​គ្នា និង សុំ​ឲ្យ​អ​ល់​ឡោះ ទទួលយក​នូវ​កុសល​ផល បុណ្យ​ទាំងឡាយ​នៃ​ខែ​បួស​រ៉​ម៉ា​ឌន ដែល​បងប្អូន​បាន​ប្រតិបត្តិ​កុំបី​អាក់ខាន​ឡើយ ៕​

អត្ថបទដែលជាប់ទាក់ទង