ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​បន្ត​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន ប្រកបដោយ​ភាព​អនុគ្រោះ​

417

 

​បន្ទាយមានជ័យ​៖ ឯកឧត្តម ជា ចាន់តូ បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​និន្នាការ​ថ្មីៗ របស់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អំពី​វិធានការ​នានា របស់​ធនាគារជាតិ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ទប់ស្កាត់​សកម្មភាព ដែលមាន​ចេតនា​បំពុលបរិយាកាស និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម និង​អស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ថ្នាក់​ខេត្ត នៅ​សាលាខេត្ត​បន្ទាយមានជ័យ ក្រោម​ប្រធានបទ “​កិច្ច​គាំពារ​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩”​។

​សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ដោយមាន​ការចូលរួម​ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ប្រធាន​សមាគម​ធនាគារ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន ប្រធាន​និង​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត សរុប​ប្រមាណ ១០០​នាក់​។

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ទ្បើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​និន្នាការ​ថ្មីៗ​របស់​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​អំពី​វិធានការ​នានា​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​កន្លងមក និង​នាពេល​អនាគត ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​នៅក្នុង​សិក្ខាសាលា​នេះ ឯកឧត្តម ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​គូសបញ្ជាក់ និង​ផ្តល់​អនុសាសន៍​មួយចំនួន បន្ថែម​លើ​វិធានការ​ជាច្រើន​របស់​ធនាគារជាតិ​នៃ​កម្ពុជា កន្លងមក រួមមាន​៖ ១- គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ប្រកបដោយ​ភាពទន់ភ្លន់​និង​អនុគ្រោះ ស្របតាម​ស្មារតី​នៃ​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី​ការរៀបចំ​ឥណទាន​ទ្បើង​វិញ សម្រាប់​គ្រប់​វិស័យ ២- អតិថិជន​ត្រូវមាន​ភាពស្មោះត្រង់ និង​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហាលំបាក​ជាក់ស្តែង​រប​ស់​ខ្លួន ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ៣- អាជ្ញាធរ​មូលដ្ឋាន និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ទប់ស្កាត់​សកម្មភាព ដែលមាន​ចេតនា​បំពុលបរិយាកាស និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម និង​អស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​៤- បន្ត​រក្សា​អនាម័យ និង​សុខភាព​របស់ខ្លួន និង​ក្រុមគ្រួសារ ដើម្បី​ជៀសផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩៕ 

អត្ថបទដែលជាប់ទាក់ទង